Sunday, December 16, 2012

វិធីសាស្រ្តក្នុងយុទ្ធសាស្ត្រទីផ្សា




ការ​លក់​ដែល​ទទួល​បាន​ជោគ​ជ័យ គឺ​កើត​ចេញ​ពី​ការ​គិត​ និង​ការ​អនវត្ត។ ការ​លក់​តម្រូវ​ឲ្យ​មាន​ការ​​ប្រើ​ប្រាស់​យុទ្ធសាស្រ្ដ ដំណាក់​កាល​ និង​វិធីសាស្រ្ដ​ក្នុង​ការ​​វាស់ស្ទង់ និងគ្រប់​គ្រង។ ការ​លក់​ គឺ​ត្រូវ​កើត​ចេញ​ពី​ការ​ប្ដេ​ជ្ញា​ចិត្តយ៉ាងមោះមុតជាទីបំផុត។ ខាង​ក្រោម​នេះ គឺ​ជា​ជំហាន​ទាំង​៥សម្រាប់​ឲ្យ​ការ​លក់​របស់​អ្នក​ទទួល​បាន​ជោគជ័យ៖

១. កំណត់​គោល​ដៅ​ទី​ផ្សារៈ អ្នក​ត្រូវ​មាន​គម្រោង​កំណត់​ពី​គោល​ដៅ​ទី​ផ្សារ​របស់​អ្នក​ឲ្យ​បាន​ច្បាស់​លាស់។ អ្នក​ត្រូវ​ដឹង​ថា​គោល​ដៅ​ទី​ផ្សារ​របស់​អ្នក​នៅ​កន្លែង​ណា​ខ្លះ និង​សម្រាប់​មនុស្ស​ប្រភេទ​ណា​ខ្លះ? នៅ​ពេល​ដែល​អ្នក​ដឹង​ទី​តាំង និង​ប្រភេទ​អតិ​ថិ​ជន​ហើយ អ្នក​ត្រូវ​ដឹង​ថា​ការ​លក់​របស់​អ្នក​ត្រូវ​ចាប់​ផ្ដើម​ពី​កន្លែង​ណា។ បន្ថែម​ពី​នេះ អ្នក​ត្រូវ​កំណត់​ពេល​វេលា និង​ចំនួន​នៃ​ការ​លក់​របស់​អ្នក​នៅ​ទី​តាំង​នី​មួយៗ។

២. ភ្ជាប់​ទំនាក់​ទំនង​ផ្ទាល់​ជា​មួយ​អតិថិជនៈ ជ​ធម្មតា​ អ្នក​ត្រូវ​តែ​ធ្វើ​បញ្ជី​ដើម្បី​កត់​ត្រា​ពី​អាសយដ្ឋាន​ទំនាក់​ទំនង​អតិ​ថិជន​របស់​អ្នក​ដែល​ធ្លាប់​បាន​មក​ជាវ​ទំនិញ​របស់​អ្នក។ នៅ​ពេល​ដែល​អ្នក​ចុះ​ធ្វើ​ការ​លក់​​នៅ​ទី​ណា​មួយ អ្នក​អាច​ធ្វើ​ការ​សើរ​រើ​បញ្ជី​មក​វិញដើម្បី​ស្វែង​រក​អតិ​ថិជន​ណា​ដែល​នៅ​ក្បែរ​ទី​នោះ ហើយ​ធ្វើ​ការ​ទំនាក់​ទំនង​តាម​ទូរស័ព្ទដើម្បី​ឲ្យ​ពួក​គេ​មក​ទិញ​ទំនិញ​ថ្មី​របស់​អ្នក។ ប្រសិន​ជា​ការលក់​របស់​អ្នក​មិន​ត្រូវ​ទី​តាំង​របស់​អតិ​ថិ​ជន​មួយ​ចំនួនក៏​ដោយ ក៏​អ្នក​នៅ​តែ​ត្រូវ​ធ្វើ​ការ​ទំនាក់​ទំនង​ និង​ផ្ដល់​ព័ត៌​មាន​ឲ្យ​ពួក​គេ​បាន​ដឹង​ផង​ដែរ។

៣. ដឹង​ពី​អ្វី​ដែល​ត្រូវ​សួរ​អតិ​ថិ​ជនៈ មុន​នឹង​អ្នក​ទៅ​កាន់​គោល​ដៅ​នៃ​ការ​លក់​ អ្នក​ត្រូវ​រៀប​ចំ​បញ្ជី​សំណួរ​សម្រាប់​សួរ​អតិ​ថិជន។ ​សំណួរ​ទាំង​នោះ​ គឺទាក់​ទង​នឹង​សុខ​ទុករបស់​ពួក​គេដើម្បីឲ្យ​ពួក​គេ​មាន​អារម្មណ៍​ថា​យើង​យក​ចិត្ត​ទុក​ដាក់ និង​ឲ្យ​តម្លៃ​លើ​ពួក​គេ។ បន្ទាប់​មក​យើង​គួរ​សួរ​ពី​ប្រភេទ​ផលិត​ផល​ដែល​ពួក​គេ​ចង់​បាន និង​អ្វី​ដែលពួក​គេ​ចង់​ឲ្យ​យើង​ផ្ដល់​ឲ្យ។

៤. ចែក​ចាយ និង​កសាងៈ ចែក​ចាយ​ពី​អ្វី​ដែល​អ្នក​ចង់​ធ្វើ​ និង​ផ្ដល់​ឲ្យ​ពួក​គេ​នៅ​អ្វី​ដែល​យើង​បាន​និយាយ។ យើង​មិន​ត្រូវ​បាន​និយាយ​បាន​តែ​មាត់​ដោយ​គ្មាន​ការ​អនុវត្ដន៍នោះ​ទេ។

៥. ការ​ត្រួត​ពិនិត្យៈ អ្នក​ត្រូវ​ត្រួត​ពិនិត្យ​ និង​តាម​ដាន​ដំណើរ​ការ​នៃ​ការ​លក់​របស់​អ្នក​ឲ្យ​បាន​ទៀត​ទាត់។ អ្នក​មិន​ត្រូវ​ធ្វើ​ការ​ធ្វេស​ប្រហែស បើ​ទោះ​បី​ជា​ការ​លក់​របស់​អ្នក​មាន​កំណើន​ខ្លាំង​ក៏​ដោយ។ អ្នក​ត្រូវ​សួរ​ខ្លួន​ឯង​ថា​ តើ​ការ​លក់​របស់​អ្នក​ដំណើរ​ការ​យ៉ាង​ណា​ហើយ? តើ​ការ​លក់​របស់​អ្នក​ទទួល​បាន​អ្វី​ខ្លះ​ហើយ? តើ​មាន​ចំនុច​អ្វី​ខ្លះ​ដែល​មិន​ដំណើរ​ការ? តើ​អ្នក​ជួប​ផល​វិបាក​អ្វី​ខ្លះ?

នៅ​ពេល​ដែល​អ្នក​ដឹង​ពី​ដំណើរ​ការ​នៃ​ការងារ​របស់​អ្នក​បាន​ច្បាស់​លាស់ អ្នក​នឹង​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​គ្រប់​គ្រង​លទ្ធផលរបស់​អ្នក។ មិន​តែ​ប៉ុណ្ណោះ​ប្រសិន​ជា​មាន​បញ្ហា​អ្វី​មួយ​កើត​ឡើង​ អ្នក​អាច​រក​វិធី​ដោះ​ស្រាយ​បាន​ទាន់​ពេល​វេលា៕

No comments:

Post a Comment