Sunday, December 16, 2012

ធ្វើដូចម្តេចទើបមានគំនិតវជ្ជមាន?



មនុស្សភាគច្រើនចូលចិត្ត​និយាយ​ តែមិនចូលចិត្ត​ធ្វើ ​ចូល​ចិត្ត​សរសើរ ​ស្អប់​ការ​បង្អាប់​។ បុគ្គល​ខ្លះ​រហូត​ដល់​ត្រូវ​គេ​ប្រសិទ្ធ​នាម​ថា​ ទ្រឹស្តី​វិទូ​ទៅ​ហើយ។​ ស្រប​នឹង​គ្នា​នេះ​ មនុស្ស​ម្នាក់ៗ​សុទ្ធ​តែពោ​​លប្រាប់​​គ្នា​ថា​ ពេល​ធ្វើ​អ្វី​ក៏​ដោយ ​ឯង​ត្រូវ​គិត​វិជ្ជ​មាន ​ទើប​ទទួល​បាន​ភាព​ជោគ​ជ័យ​។
ពាក្យនេះ​យើងឮឡើង​ជ្រេញ​ត្រចៀក ហើយពេលខ្លះមិនចង់ស្តាប់ ព្រោះដឹងច្បាស់ថាបុគ្គលម្នាក់ហឹ្ន​ង ប្រាកដជានិយាយពាក្យដដែលហើយ។
ការគិតបានវិជ្ជមានផ្តោតជាសំខាន់ទៅលើការអប់រំចិត្តឲ្យបានប្រសើរ ​ចេះសមាធិ ចេះ​សង្កត់​ចិត្ត​មិនតបត និងអាច​ប្រដៅ​ខ្លួនឯងបានល្អ។ សំណួរមួយសម្រាប់ធ្វើតេស្តការគិត​វិជ្ជមានរបស់​អ្នក គឺពេលអ្នកជួប​បុគ្គល​មិនធ្លាប់​ស្គាល់​នៅគ្រាដំបូង  ហើយបុរសម្នាក់នោះមានសក់វែង មុខមាំ​ ពាក់វ៉ែនតាខ្មៅ ស្លៀកខោខូវប៊យ តើអ្នកគិតថា​គេជា​មនុស្ស​ដូចម្តេច? អ្នកប្រាកដជាគិតថាប្រហែលជាជើងកាងហើយមើលទៅ ឬជាជនខិលខូចពុំគួរនឹងរាប់រក។ ពិសេស​ជាងនេះទៀត​ បុគ្គលខ្លះគ្រាន់តែជួប មិនទាន់ទាំងដឹងថា​ គេមានពាក្យសម្តី ចរិតយ៉ាងណាផង​ ចង់វាយធ្វើ​បាប ឬប្រព្រឹត្តិទង្វើផ្សេងៗធ្វើឲ្យគេពុំបានសេចក្តីសុខ។ ចរិតដ៏អាក្រក់របស់មនុស្ស គឺឲ្យតែជួបបុគ្គលប្លែក រមែងសម្លឹងរកចំណុចអាក្រក់របស់គេ,​ ម្នាក់នេះស្លៀកពាក់ដូចជើងកាង,​ ម្នាក់នេះពាក់វ៉ែនតា​ធ្វើខ្លួនដូចអ្នកចេះ​ដឹងខ្លាំងណាស់អញ្ចឹង,​ គាត់នេះនិយាយ​អួតណាស់ មិនប្រមាណខ្លួនសោះ, គាត់នេះមើលមុខទំនងអ្នកក្រហ្មង...។ មិនដែលគិតថា​គេជាមនុស្សល្អឡើយ។
ដើម្បីគិតវិជ្ជមាន អ្នកត្រូវតែបង្ខំខ្លួនឯងឲ្យគិតថា គេជាមនុស្សល្អ, ជាមនុស្សគួររាប់អាន, ញញឹមរាក់ទាក់ មិនមែន​ញញឹមយកមុខ, ស្លៀកពាក់សមរម្យ, ពាក់វ៉ែនតាប្រហែលមានបញ្ហាភ្នែកហើយ គួរឲ្យអាណិតណាស់, ស្លៀកពាក់​យ៉ាងនេះ ព្រោះមិនទាន់ដឹងថាស្រុក ឬតំបន់យើងស្លៀកយ៉ាងណា... ទាំងអស់ជាចំណុច​ដែល​ធ្វើឲ្យ​ចិត្តរបស់​អ្នកគិតវិជ្ជមាន។ របត់មួយដើម្បីទទួលបានជោគជ័យ គឺអ្នកត្រូវតែដាក់ពិន័យដល់ខ្លួនឯងជាប់ជានិច្ចថា ត្រូវតែគិត​ល្អទៅលើគេ ទោះជាចរិតរបស់យើងមានទំនោរស្អប់ក្តី។ ដូច្នេះយើងត្រូវអប់រំចិត្ត និងហាត់និយាយល្អ​ គិតល្អ​អំពីមនុស្សនៅជុំវិញខ្លួនជាញយៗដង អ្នកប្រាកដជាមានគំនិតវិជ្ជមាន ពេលណាមួយជាមិនខាន។ ករណីមួយ ពេលមានបុគ្គលណាម្នាក់ជេរ និងប្រើពាក្យសម្តីអសុរស តើអ្នកមានអារម្មណ៍​និងគិតយ៉ាងណា? ចំពោះបុគ្គល​ដែលមានគំនិតអវិជ្ជ​មាន នឹងគិតថា ជាអាក្រក់ណាស់, មានចរិតមិនល្អ ហើយប្រសិនបើជា​មិត្តភក្តិ​វិញ នឹងឈប់​ទាក់ទង ឈប់ប្រាស្រ័យជាមួយ ឬបិទទូរសព្ទភ្លាមមិននិយាយតប។ ផ្ទុយពីនេះ អ្នក​មាន​គំនិត​វិជ្ជមានគិតថា មកពីគ្នាពុំបានគិតជ្រៅទើបនិយាយយ៉ាងនេះ, មកពីគ្នាខឹងពីណាពីណីមក​មិនទាន់​បាន​សម្រាល ​ទុកថាជួយ​សម្រាល​គ្នាចុះ,​ គួរឲ្យអាណិតគ្នាណាស់ព្រោះគ្នាអវិជ្ជា។ ពេលខ្លះទៀត គេបាន​គិតបង្វិល​ចិត្តខ្លួនឯង ឲ្យគិតថា​​ ពាក្យអសុរសនោះ ទៅជាពាក្យជូនពរ ពាក្យសរសើរទៅវិញ។ ជាការ​ពិតវាជា​​​​ពាក្យ​អាក្រក់​ ប៉ុន្តែ គេទៅ​ជាបំភ្លៃឲ្យក្លាយទៅជាពាក្យល្អវិញ, អូ!គេសរសើរអញទេតើ។ នៅពេលអ្នកធ្វើចិត្ត​បានដូច​ដែល​បាន​រៀប​រាប់​​ខាង​លើ គឺអ្នកពិតជាបុគ្គលដែលមានគំនិតវិជ្ជមាន​ ហើយប្រសិន​បើ​អ្នកមានគំនិតវិជ្ជមាន មនុស្សទាំងអស់​នឹងចូល​ចិត្តអ្នក ព្រោះអារម្មណ៍វិជ្ជមាន​របស់អ្នកនឹង​ហើរទៅ​ប៉ះអ្នកនៅជុំវិញ ដែលបង្កឲ្យពួកគេមានក្តី​អំណរសាទរ​តប​មកវិញ លេចចេញជាការរាប់អាន ប្រាស្រ័យស្នាលស្និទ្ធស្នេហាតទៅ។
អ្នកសរសេរសៀវភៅអប់រំចិត្ត
ក្រោយពីបានអានឯកសារជាច្រើន និងចូលរួមវគ្គបណ្តុះបណ្តាលជោគជ័យ និងការ​ផ្លាស់ប្តូរជីវិត ច្រើនលើកច្រើនសាមកសំបូរបានផលិតស្នាដៃមួយ ស្ថិតក្រោមចំណងជើងថា “គិតវិជ្ជមាន”។ បន្ទាប់ពីសរសេររួចរាល់ សំបូរបានណាត់ជួបនឹងសួន ដែលជាមិត្តភក្តិឲ្យជួយពិនិត្យ។ ពេលទៅដល់ សួនបានសួរថា សំឡាញ់សរសេរសៀវភៅអីហ្នឹង? នែសំឡាញ់! គ្នាសរសេរសៀវភៅ គិតវិជ្ជមានណា ដើម្បីអប់រំមនុស្សឲ្យមានគំនិតវិជ្ជមានក្នុងការបំពេញការងារ និងសម្រាប់ប្រើប្រាស់ក្នុងដំណើរ​ជីវិត។ ធ្វើមេចខ្លះទៅទើបគិតវិជ្ជមាន? គឺពេលគេនិយាយពាក្យមិនពីរោះពិសា យើងត្រូវអត់ធ្មត់ ដោយគិតអំពីចំណុចល្អរបស់គេ ហើយតទៅវិញប្រកបដោយការគិត ដោយរលឹកក្នុងអារម្មណ៍យើងថា គេជាបុគ្គលល្អ ហើយមិនត្រូវប្រកាន់ខឹងឡើយ....។
សួនក៏តប “សំបូរ! សៀវភៅរបស់ឯង​ មិន ដឹង​ស្អីជា​ស្អី​ទេ! ​ខុស​ក៏​ខុស​ របៀប​រៀប​ចំ​ក៏​អន់​ ពាក្យ​ពេចន៍​ក៏​មិន​សម​នឹង​សរ​សេរ ​ទើប​នឹង​រៀន​បាន​ចេះ​បន្តិច ​សរសេរ​សៀវ​ភៅ​ឯ​ណា​ ដូច​ជា​អួត​ពេក​ហើយ​អី? ​គ្មានប្រយោជន៍ទេ ឯងក្មេងខ្ចីណាស់។ រួចសួន​បានបោះ​សៀវភៅ​នោះ​ទៅ​ដី ​ហើយ​យក​ជើង​ជាន់​ពីលើ​។ ​សំបូរក៏​តប ​“យី​អា​នេះ ​បើ​មិន​ជួប​ចូក​ចែវ​កុំ​យក​ជើង​រា​ទឹក​ អា​ចោល​ម្សៀត ​ ឯង​មិន​សម​ជា​មិត្ត​អញ​ទេ​ អញ​នឹង​ឈប់​រាប់​អាន​ឯង​ទៀត​ចាប់​ពីពេល​នេះ​ត​ទៅ ​ទុក​ថា​អ្វី​ដែល​យើង​ធ្លាប់​ស្គាល់​គ្នា ​បញ្ចប់​ត្រឹម​ហ្នឹងចុះ! ​
សរសេរ​សុទ្ធ​តែ​​​សៀវ​ភៅគិតវិ​ជ្ជមាន​ តែខ្លួនឯងគិតអវិជ្ជមាន ពិតជាគីង្កក់លក់ថ្នាំស្រែងមែន។

No comments:

Post a Comment