៙
ប្រសិនអ្នកជានិស្សិតឆ្នាំទី 1
» ត្រូវរៀបចំកាលវិភាគរៀនឲ្យបានល្អ
ត្រួតពិនិត្យមុខវិជ្ជាដែលអ្នកត្រូវរៀន ថាមានអ្វីខ្លះ ហើយ
ត្រូវចាប់ផ្ដើមគិតពីពេលនេះទៅថា មុខវិជ្ជាណាខ្លះដែលនឹងនាំអ្នកឆ្ពោះទៅរកគោលដៅដែលអ្នក
បានកំណត់ទុក។
» អ្នកមិនគួរគេចវេះ
ការចូលរួមការងារសង្គម
ឬការងាររបស់មហាវិទ្យាល័យដែលបានបង្កើតឡើងក្រៅពីម៉ោងរៀន
ដូចជាការប្រកួតកីឡាប្រចាំមហាវិទ្យាល័យ ការចូលរួមបោះជំរំ
ការចូលរួមការសំអាតបរិស្ថានទីប្រជុំជន។ល។
ទាំងអស់នេះវាបង្កើតឲ្យអ្នកមានបទពិសោធន៍ ក្នុងការធ្វើការជាក្រុម
ដឹងពីបរិយាកាសក្រៅមហាវិទ្យាល័យ បង្កើតទំនាក់ទំនងល្អ
ឬភាពរីករាយផ្សេងៗទៀត ដែលយើងនឹងបានជួបវានាពេលខាងមុខ។
» ប្រសិនអ្នកជាសិស្សរៀនពូកែគួរស្វះស្វែងរកអាហារូបករណ៍
ទាំងមហាវិទ្យាល័យឯកជន និងមហាវិទ្យាល័យរដ្ឋ
ឬអាហារូបករណ៍ទៅបន្តការសិក្សានៅក្រៅប្រទេស។
៙
ប្រសិនអ្នកជានិស្សិតឆ្នាំទី 2 ៖
» អ្នកត្រូវប្រឹក្សាយោបល់ជាមួយរៀមច្បង
ក្រោយពីអ្នកបានរៀនមូលដ្ឋានគ្រឹះនៅឆ្នាំទី 1 ហើយ ព្រោះពេលនេះចាប់ផ្ដើមរៀនមុខវិជ្ជា
ដែលជាជំនាញរបស់អ្នកហើយ។
ដូច្នេះសុំការណែនាំពីរៀមច្បងដែលមានបទពិសោធន៍ជាការល្អ
ដូចជាគាត់ធ្លាប់រៀនមុខវិជ្ជាអ្វីខ្លះ
ហើយមុខវិជ្ជាណាដែលអ្នកត្រូវប្រុងប្រយ័ត្នជាពិសេសជាដើម។
» ត្រូវធ្វើការរៀនបន្ថែមទៀត
ក្រោយពីអ្នកបានសម្របសម្រួលខ្លួនអ្នកបានជាមួយនឹងរបៀបសិក្សាថ្មី
នៅមហាវិទ្យាល័យ និងយកចិត្តទុកដាក់រៀនឲ្យកាន់តែច្បាស់លាស់ឡើងថែមទៀត។
ហើយវាក៏ជាឱកាសសមរម្យសម្រាប់រៀនភាសាបន្ថែម ដូចជា អង់គ្លេស ចិន
ឬភាសាផ្សេងៗ ដែលអ្នកចូលចិត្ត ឬវគ្គសិក្សាខ្លី នៅតាមបណ្តារអង្គការ
ឬមជ្ឈមណ្ឌលបណ្ដុះបណ្ដាលផ្សេងៗ។ល។
» ដើរកម្សាន្តខ្លះសម្រាប់ពេលឈប់វិស្សមកាលរបស់អ្នក
កុំបណ្ដោយពេលវេលាឲ្យកន្លងហួសទៅដោយឥតប្រយោជន៍
អាចទៅចូលរួមបោះជំរំជាមួយរៀមច្បង
ឬរួមជាមួយមិត្តភ័ក្ដិធ្វើការងារជាប្រយោជន៍ដល់សង្គម។ ព្រោះថាបើសិនជាដល់ពេលចូលធ្វើការហើយនោះ
អ្នកនឹងបានដឹងថាការរកពេលវេលាទំនេរសម្រាប់ផ្ទាល់ខ្លួនទាំងអស់
នេះនោះគឺវាពិបាកណាស់។
៙
ប្រសិនអ្នកជានិស្សិតឆ្នាំទី 3
» ចូរឧស្សាហ៍ព្យាយាមជួបជាមួយសាស្ត្រាចារ្យបង្រៀន
ដើម្បីប្រឹក្សាពីការសិក្សារបស់អ្នក
ឬឲ្យគាត់ជួយផ្ដល់យោបល់អំពីការស្វែងរកកន្លែងធ្វើការ ឬក៏សិក្សាបន្ត។
នេះជាឱកាសល្អដែលគាត់បានស្គាល់អ្នក
នូវពេលដែលអ្នកដាក់ពាក្យសុំធ្វើការ ឬរៀនបន្ត អ្នកត្រូវការ
ការធានាពីគាត់ ដូច្នេះគាត់អាចជួយដាក់ឈ្មោះធានាឲ្យអ្នកបាន។
» ការហ្វឹកហាត់ការងារ
គឺដើម្បីឲ្យអ្នកបានជួបប្រទះជីវិតនៃការធ្វើការពិតៗដែលមាន
និងសម្រាប់អ្នកអាចប្រមូលយកបទពិសោធន៍
ហើយក៏ដើម្បីឆ្លើយនឹងសំនួររបស់ខ្លួនឯងផងដែរថា
ការងារដែលអ្នកស្រមៃចង់ធ្វើពិតប្រាកដនោះ វាស័ក្ដិសមជាមួយអ្នកដែរឬទេ?។ ប្រសិនចម្លើយថាមិនសមនោះ
ពេលហាត់ការលើកក្រោយត្រូវផ្លាស់ប្តូររកការងារណាដែលប្រហែលគ្នា
នឹងអ្វីដែលជាគោលដៅរបស់អ្នក។
» ត្រូវប្រមូល
វិញ្ញាបនបត្របញ្ជាក់ការសិក្សាពីកន្លែងផ្សេងឲ្យបានច្រើន ទាំងផ្នែកភាសា
កុំព្យូទ័រ វគ្គជំនាញខ្លី ឬក៏វគ្គបណ្ដុះបណ្ដាលផ្សេងៗ។
ពីព្រោះការមានវិញ្ញាបនបត្របញ្ជាក់ការសិក្សានិង បញ្ជាក់សមត្ថភាព
បទពិសោធន៍ការងារច្រើនកាលណា
ឱកាសនៃការបានការងារធ្វើក៏មានច្រើនដូច្នោះដែរ។
៙
ប្រសិនអ្នកជានិស្សិតឆ្នាំទី 4
» យកចិត្តទុកដាក់រៀនមុខវិជ្ជាដែលនៅសល់ទាំងប៉ុន្មានឲ្យអស់
ហើយព្យាយាមផ្ដោតអារម្មណ៍ទៅលើមុខវិជ្ជាដែលជាជំនាញ។
» ចូរធ្វើការសម្រេចចិត្តនៅពេលនេះឲ្យបាន
ថាដំណើរជីវិតទៅថ្ងៃអនាគតរបស់អ្នកត្រូវដើរ ផ្លូវណា នឹងត្រូវរៀនបន្តឬ
ក៏ធ្វើការ បើរៀនបន្តតើបានថវិកាឧបត្ថម្ភមកពីប្រភពណា
ប្រសិនមានថវិកាហើយ ចូរធ្វើការប្រឹក្សាជាមួយ អ្នកមានជំនាញឬរៀមច្បង អំពីគោលដៅនៃការសិក្សាបន្ត។
» ត្រូវត្រៀមខ្លួនជាស្រេចដើម្បីធ្វើការ
ហើយប្រសិនជាចង់រៀនឲ្យចប់ភ្លាមមានការងារធ្វើភ្លាម
អ្នកគួរចាប់ផ្ដើមដាក់ពាក្យសុំធ្វើការចាប់ពីពេលនេះតទៅ។
អ្នកត្រូវត្រៀមឯកសារផ្សេងៗ ដែលអ្នកត្រូវសុំបញ្ជាក់ពីមហាវិទ្យាល័យ ដូចជា
តារាងពិន្ទុ លិខិតបញ្ជាក់ការសិក្សាឆ្នាំបញ្ចប់
និងវិញ្ញាបនបត្របញ្ជាក់ផ្សេងជាដើម។
៙
ការស្វែងរកចំណេះដឹងបង្គ្រប់មុនពេលរៀនចប់
» ចូរប្រើប្រាស់បណ្ណាល័យ
របស់មហាវិទ្យាល័យឲ្យបានជាប្រយោជន៍ចំពោះខ្លួន ព្រោះបើសិនជាអ្នករៀនចប់ហើយ
អ្នកនឹងមិនអាចរកសៀវភៅអានដោយឥតគិតថ្លៃបានដូចនៅទីនេះទៀតទេ។
» បើជាការល្អ
អ្នកគួរហាត់លេងឧបករណ៍តន្ត្រីឲ្យបានមួយយ៉ាងតិច
ដើម្បីប្រើវាជាប្រយោជន៍នៅថ្ងៃខាងមុខ ដូចជាឲ្យមិត្តភ័ក្ដិបង្រៀន
ឬរៀនតាមសមាគមជាដើម។
» ព្យាយាមស្វែងរកចំណូលពីសមត្ថភាពរបស់អ្នកដែលមានស្រាប់
ដូចជា ធ្វើរបស់របរលក់ ទទួលវាយអត្ថបទ បកប្រែឯកសារ ឬរកការងារក្រៅម៉ោងធ្វើ
ពីព្រោះក្រៅអំពីយើងទទួលបានចំណូលបន្ទាប់បន្សំហើយនោះ
អ្នកក៏អាចប្រមូលយកបទពិសោធន៍ពីការងារទាំងនោះផងដែរ។
» ប្រសិនជាអាចទៅរួចអ្នកគួររៀនបើកបរឲ្យហើយនៅក្នុងកំឡុងពេលនេះ
ព្រោះថាការងារខ្លះ ត្រូវការអ្នកចេះបើកបរ។
» សាកល្បងធ្វើការជាភ្នាក់ងារលក់
ឬជាអ្នកបម្រើតាមអាហារដ្ឋានឲ្យបានយ៉ាងតិចមួយដង
ដើម្បីហ្វឹកហាត់ភាពទន់ភ្លន់ ភាពអត់ធ្មត់របស់អ្នក។ វាធ្វើឲ្យអ្នកចេះសម្របខ្លួនតាមស្ថានការណ៍
ហើយវាក៏អាចជំរុញបន្ថែមអ្នកឲ្យយល់ដឹងបានពីភាពជាអ្នកដឹកនាំ
ការងារទាំងអស់នេះ
មានភាពចាំបាច់ណាស់សម្រាប់ជីវិតការងាររបស់អ្នកក្នុងថ្ងៃអនាគត ផងដែរ។
No comments:
Post a Comment