Monday, January 7, 2013

បាត់បង់អ្វីទៅរមែងបានអ្វីមកវិញ




ធម្មជាតិសាងតុល្យភាពឲ្យដល់គ្រប់សភាវៈ (សភាវៈរស់ និង សភាវៈប្រាសចាកជីវិត) ជានិច្ច។
គ្រប់យ៉ាងក្នុងលោកនេះទើបមានពីរខាង គឺជាវិធីគិតដែលធម្មជាតិមិនដែលប្រាប់យើងនោះទេ
តែយើងនឹងសន្សឹមៗ ស្វែងយល់បានដោយខ្លួនឯងនៅថ្ងៃណាមួយ ពេលដែលជីវិតត្រូវជួបជា
មួយរឿងណាមួយដែលវាមិនប្រព្រឹត្តទៅតាមអ្វីដែលយើងបានគិត។
ថ្ងៃដែលយើងបាត់បង់នូវ
របស់ដែលយើងស្រឡាញ់ណាមួយទៅ ឫនៅថ្ងៃដែលយើងបាននូវរបស់អ្វីមួយមក ការយល់
ដឹងនោះនឹងមិនធ្វើឲ្យយើងមានអារម្មណ៍ឈ្លក់វង្វេង ឫអណ្តែតអណ្តូងនៅក្នុងអន្លង់នៃសេចក្តី
សុខសមប្រាថ្នា ទន្ទឹមនឹងនេះក៏មិនធ្វើឲ្យយើងធ្លាក់ចុះទៅក្នុងជ្រោះជ្រលងនៃសេចក្តីទុក្ខដែល
កើតអំពីការអស់សង្ឃឹមផងដែរ។
ធម្មជាតិរមែងមានពីរខាងជានិច្ច នៅលើយើងថាតើអាចរកម្ខាងទៀតឃើញឫអត់។ សាកល្បង
រំលឹកសារឡើងវិញនៅអារម្មណ៍ដែលកន្លងមក ចាំបានទេនៅថ្ងៃដែលមានសេចក្តីសុខ? យើង
បានអ្វីម្យ៉ាងមកយើងត្រេកអរ មានសេចក្តីសុខក្នុងចិត្តប៉ុណ្ណា។ យើងមិនទាន់បានគិតទេថាមាន
នរណាត្រូវបាត់បង់អ្វីទៅខ្លះ។ ថ្ងៃដែលអ្នកខ្លះកំពុងត្រេកអរជាមួយខឿនស្តុកទឹកទុក និងខឿន
ផលិតវារីអគ្គិសនី មានអ្នកដទៃជាច្រើននាក់ទៀតកំពុងបាត់បង់ធម្មជាតិដែលពួកគេស្រឡាញ់
ទៅ។ នៅថ្ងៃដែលអ្នកខ្លះបានឈើធំទៅសាងផ្ទះ សត្វព្រៃជាច្រើនអាចកំពុងបាត់បង់អាណាចក្រ
ដែលជាទីពឹងពំនាក់អាស្រ័យ។ ថ្ងៃដែលយើងមានសេចក្តីសុខជាមួយមិត្តភក្តិ មនុស្សនៅឯផ្ទះ
កំពុងតែបាត់បង់ថ្ងៃដែលបាននៅព្រមមុខព្រមមាត់គ្នាជាក្រុមគ្រួសារ។ ខណៈពេលដែលយើង
បានក្លាយជាគូស្នេហ៍របស់នរណាម្នាក់ ក៏អាចមាននរណាម្នាក់ទៀតដែលកំពុងបាត់បង់គូ
ស្នេហ៍ទៅ។
ផ្ទុយទៅវិញ ពេលដល់ថ្ងៃដែលត្រូវប្រឈមុខជាមួយសេចក្តីទុក្ខ យើងក៏ត្រូវព្យាយាមស្វែងរក
ខាងទីពីរនោះឲ្យជួប។ បើយើងរវល់តែច្រមូកច្រមុល យើងអាចអស់កម្លាំងកំហែងក្នុងការស្វែង
ឳកាសល្អៗ ដែលមកជាមួយរឿងអាក្រក់ៗ នោះបាន ព្រោះក្នុងការបាត់បង់រាល់ៗ លើកនោះ
តែងមានរបស់ដែលត្រូវបានមកវិញជានិច្ច (No pain No gain) នៅថ្ងៃដែលយើងបានស្រែក
យំយ៉ាងខ្លាំង របស់ដែលបានត្រឡប់មកគឺភាពភ្លឺថ្លានៃកែវភ្នែកដែលអាចមើលអ្វីៗ ឃើញបាន
ច្បាស់ឡើង។ នៅថ្ងៃដែលបាត់បង់នរណាទៅម្នាក់ របស់ដែលបានមកវិញគឺបទពិសោធន៍
គឺមេរៀន ដែលនឹងធ្វើឲ្យយើងរឹងមាំខ្លាំងឡើង ស្វែងយល់ជីវិតបានរឹតតែច្រើនឡើង។
ដូច្នេះ ចូរត្រេកអរជាមួយរបស់ខ្លះដែលបានមក ឲ្យសមល្មម ហើយកុំភ័យខ្លាចបើត្រូវបាត់បង់
ព្រោះជួនកាល ការបាត់បង់នោះឯង នឹងធ្វើឲ្យយើងបានមកវិញនូវរបស់ខ្លះដែលគួរសម។

No comments:

Post a Comment