Monday, May 20, 2013
គន្លឹះបង្កើតមុខរបររកប្រាក់ចំណូល
នៅក្នុងពេលសព្វថ្ងៃនេះ កម្រិតជីវភាពរស់នៅចេះតែថ្លៃឡើងៗឥតឈប់ឈរ ជាមួយនឹងតម្រូវការកើនឡើងនឹងប្លែកៗជាច្រើន អាស្រ័យដោយមកពីមានការរីកចម្រើននៃវិទ្យាសាស្ត្រ។ ក៏ប៉ុន្តែ ជាមួយគ្នានេះ ឱកាសនៅក្នុងការរកប្រាក់ចំណូលក៏មានច្រើនឡើងដែរ ស្របទៅតាមការវិវត្តន៍នៃបច្ចេកវិទ្យា ទីផ្សារ និងចំនួនកើនឡើងនៃអតិថិជន។ អ្វីដែលចាំបាច់នោះ គឺត្រូវចេះធ្វើវិនិយោគ មានជំនាញក្នុងមុខរបរ មានការតស៊ូអត់ធ្មត់ និងមានពេលវេលា។
យើងមិនចាំបាច់និយាយអំពីករណីដែលអ្នកមានដើមទុនវិនិយោគច្រើន និងមធ្យមទេ ព្រោះតាមធម្មតាអ្នកដែលមានលុយបែបនេះគេមានគំនិតរួចទៅហើយ ថាគេអាចរកស៊ីរបៀបណា។ យើងនឹងសាកល្បងពិនិត្យមើលឱកាសរកចំណូលចំពោះអ្នកដែលមានដើមទុនតិចតួច ឬគ្មានសោះ វិញ ថាតើគួរចាប់ផ្តើមឡើងដោយរបៀបណា។ សូមបញ្ជាក់ថាមានដើមទុនតិចតួច ឬគ្មានសោះ ក៏អាចប្រកបមុខរបរណាមួយចិញ្ចឹមជីវិតបានដោយសុច្ចរិតបានដែរ គ្រាន់តែថាអ្វីដែលសំខាន់គឺត្រូវមានការប្តេជ្ញាចិត្តថាត្រូវចេញរកស៊ីដោយមិនមានខ្មាសអៀនអ្នកណា(មិនមែនអ្នកដែលយើងខ្មាសនោះគេឲ្យប្រាក់មកយើងទេ ដូច្នេះគ្មានអ្វីដែលត្រូវខ្មាសអ្នកនោះឡើយ) និងត្រូវចេះទាក់ទាញភ្ញៀវឲ្យមកទិញទំនិញ ឬសេវារបស់យើង។
១- ការសិក្សាទីផ្សារ
មុននឹងចាប់ផ្តើមប្រកបរបររកស៊ីអ្វីមួយ អ្នកត្រូវធ្វើការសិក្សាទីផ្សារសិន ថាតើនៅកន្លែងនោះមានអ្វីហើយៗនៅខ្វះអ្វីទៀត ដែលអាចឲ្យអ្នកចូលរួមប្រកួតប្រជែងបាន សមស្របទៅតាមដើមទុន ឬមុខជំនាញដែលអ្នកមាន។ សូមដើរមើលមួយត្រួស ថាតើមានអ្វីខ្លះលក់នៅក្នុងតូបនីមួយៗ ហើយថាតើតូបនីមួយៗនោះត្រូវការអ្វី។ ឧទាហរណ៍ដូចជាផ្លាកយីហោ កុំព្យូទ័រគិតប្រាក់ ឬថង់វេចខ្ចប់ទំនិញ ជាដើម។ សូមគិតមើល ថាតើអ្នកមើលឃើញឱកាសប្រកបមុខរបរអ្វីមួយដែរឬទេ? ដូចជាក្នុងការឃោសនាផ្សព្វផ្សាយទំនិញឲ្យ ដាក់ផ្សាយក្នុងអ៊ីនធើណិត ឬបោះពុម្ពក្រដាស់បត់ ឬចុះផ្សាយក្នុងទំព័រសារព័ត៌មាន ។ល។
២- ករណីមានដើមទុនតិចតួច
អាស្រ័យទៅតាមដើមទុនដែលអ្នកមាន អ្នកអាចចាប់ផ្តើមប្រកបមុខរបរណាមួយក្នុងចំណោមមុខរបរខាងក្រោមនេះ ដើម្បីរកចំណូលប្រចាំថ្ងៃ។
- បើករានលក់ចំណីអាហារចំអិនភ្លាមៗណាមួយ នៅក្នុងតំបន់ដែលមានមនុស្សរស់នៅច្រើនក្នុងទីក្រុង។ សូមចងចាំថាគេអាចលក់ចំណីអាហារបានគ្រប់ពេល ព្រោះមនុស្សត្រូវការចំណីអាហារដើម្បីរស់។ ក៏ប៉ុន្តែចំណីអាហារនោះតោងឲ្យមានរសជាតិឆ្ងាញ់ ប្លែកពីគេបន្តិច មានអនាម័យ និងមានតម្លៃថោកល្មម។ ឧទាហរណ៍ថាបើលក់ចេកចៀន នំប៉័ងសាច់ សាច់មាន់ចៀន ទឹកអំពៅ ឬកាហ្វេ។ល។ អ្នកត្រូវធ្វើយ៉ាងណាឲ្យចេកចៀន នំប៉័ងសាច់ សាច់មាន់ចៀន ទឹកអំពៅ ឬកាហ្វេរបស់អ្នកនោះវាប្លែកពីរបស់គេបន្តិច។ ជួនកាលរានរបស់អ្នកនោះគ្រាន់តែជាកន្លែងសម្រាប់លក់ទេ រីឯចំណីអាហារអ្នកចំអិននៅផ្ទះ ប៉ុន្តែទៅតាមការបញ្ជារបស់ភ្ញៀវ។
- បើកសេវាបម្រើណាមួយ ដែលមិនទាន់មានគេធ្វើ ដូចជាដេរនិងជួសជុលស្បែកជើង ដេរប៉ះខោអាវ ជួសជុលនិងប៉ះកង់ កាត់សក់ កាត់និងសំអាតក្រចក លាងម៉ូតូនិងរថយន្ត បោះពុម្ពលើអាវយឺត បោកគក់ ឬជ្រលក់ខោអាវ។ល។ មុខរបរទាំងអស់នេះទាមទារថាអ្នកត្រូវមានជំនាញបន្តិច ក៏ប៉ុន្តែមិនថ្វីទេ ដល់អនុវត្តយូរៗទៅអ្នកនឹងកាន់តែជំនាញហើយ។
- ជួលបន្ទប់គេបើកសាលាបង្រៀនជំនាញអ្វីមួយ ដូចជាបង្រៀនលេងហ្គីតារ ច្រៀង ឬគូរគំនូរ ជាដើម រួចបង្រៀនដោយខ្លួនឯង ឬជួលអ្នកជំនាញម្នាក់ឲ្យមកបង្រៀន។
- បើករានលក់កសិផល បន្លែ ផ្លែឈើ ឬរបស់របរអ្វីដែលមិនសូវសម្បូរនៅទីកន្លែងនោះ ក៏ប៉ុន្តែមានអ្នកត្រូវការច្រើន។
៣- ករណីដែលគ្មានដើមទុន
នៅពេលដែលគ្មានដើមទុនជាប្រាក់នឹងគេទេ អ្នកក៏នៅតែអាចរកចំណូលបានដែរ ដោយលក់តម្រិះ ផ្តល់សេវាឲ្យគេ។ ខាងក្រោមនេះគឺជាឧទាហរណ៍មុខរបរមួយចំនួន។
- ក្រៅពីការលក់កម្លាំងពលកម្មដូចជាធ្វើជាកម្មករលីសែង ជាងឈើ ជាងកំបោរ អ្នកអាចប្រើចំណេះវិជ្ជាផ្តល់សេវាឲ្យគេដោយធ្វើជាអ្នកតុបតែងផ្ទះ ឬថែសួនផ្កា បន្លែ ដំណាំ ជាដើម។
- អ្នកក៏អាចធ្វើជាឈ្មួញកណ្តាលជួល/លក់ដីធ្លី ផ្ទះសម្បែង លក់រថយន្ត ទោចក្រយានយន្ត ឬចលនទ្រព្យ និងអចលនទ្រព្យផ្សេងៗ បានដែរ។
- ធ្វើជាភ្នាក់ងាររបស់ក្រុមហ៊ុនធានារ៉ាប់រង: សព្វថ្ងៃមុខរបរនេះមិនទាន់មានគេអនុវត្តប៉ុន្មានទេ ដោយមកពីប្រជាជនខ្មែរនៅមិនសូវត្រូវការធានារ៉ាប់រងនៅឡើយ។ ណាមួយការងារនេះក៏ទាមទារថាឲ្យចេះអត់ធ្មត់ថែមទៀត។ ក៏ប៉ុន្តែគឺជាមុខរបរមួយទៅអនាគត។
- ធ្វើជាភ្នាក់ងារឃោសនាឲ្យក្រុមហ៊ុន ឬអង្គការណាមួយ នៅក្នុងការរកអ្នកទទួលលក់ផលិតផលបន្ត ឬបំពរញការងារអ្វីមួយជាបន្ត។
៤- ជំនាញដែលត្រូវរៀនដើម្បីអាចចាប់ផ្តើមមុខរបរណាមួយបាន
ដើម្បីចាប់ផ្តើមមុខរបរណាមួយ អ្នកមិនចាំបាច់ត្រូវធ្វើការសិក្សាអ្វីវែងឆ្ងាយ ឬមានសញ្ញាប័ត្រឧត្តមសិក្សាអ្វីនោះទេ។ អ្នកអាចចូលរៀនមុខជំនាញតាមវគ្គខ្លីៗ ឬរៀនជំនាញវិជ្ជាជីវ:ណាមួយ រួចហើយរៀនអនុវត្តជំនាញនោះឲ្យបានស្ទាត់ ដើម្បីអាចអនុវត្តទៅបានល្អ ឬអាចបង្រៀនគេបន្តទៀតបាន។ ឧទាហរណ៍ដូចជា:
- រៀនលេងភ្លេង ដូចជាលេងហ្គីតារ អ៊ក វីយ៉ូឡុង ។ល។ ឲ្យស្ទាត់ជំនាញ អាចចូលប្រគំលេងជាក្រុមជាមួយគេបាន រួចបើកបង្រៀនសិស្សបន្ត។
- រៀនជំនាញកសិកម្មខ្លីៗ។ សព្វថ្ងៃនេះមានការបើកវគ្គខ្លីៗរបៀបនេះច្រើន។
- រៀនជំនាញខាងសិល្ប:ណាមួយ ដូចជាគូរគំនូរ ឆ្លាក់អក្សរ ចាក់សម្លៀកបំពាក់ ចាក់សាក់ ផាត់មុខ សំអាតក្រចក ឬច្រៀងរាំ ជាដើម។ ឧទាហរណ៍: ជាងគំនូរដែលប៉ិនប្រសប់គូររូប ឬជាងថតរូប អាចទៅប្រកបមុខរបរនេះនៅក្នុងតំបន់ទេសចរ ហើយគូររូបភ្ញៀវយកភ្លាមៗ ទទួលបានកម្រៃល្អគួរសម។
- រៀនបង្កើតកម្មវិធីក្នុងកុំព្យូទ័រ។ សព្វថ្ងៃ យើងមានការលូតលាស់ខាងកុំព្យូទ័រនេះមិនចាញ់ប្រទេសជិតខាងទេ ថ្វីបើយើងធ្លាប់បានឆ្លងកាត់របបប៉ុលពតក៏ដោយ។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment