Sunday, May 19, 2013

ជំហាន​ចាំបាច់​ ពេល​ផ្ដើម​អាជីវកម្ម​ខ្នាត​តូច



ការ​ផ្ដើម​អាជីវកម្ម ខ្នាត​តូច​តម្រូវ​ឲ្យ​មាន​ការ​តាំង​ចិត្ត​ខ្ពស់ ​ការ​លើក​ទឹកចិត្ត ​និង​យល់ដឹង​ពី​ផ្លូវ​ (យុទ្ធសាស្ត្រ) ដែល​ត្រូវ​ធ្វើ​ដំណើរ​ឆ្ពោះ​​​​រក​ភាព​ជោគជ័យ។ ខាង​ក្រោម​​នេះ​ ជា​គន្លឹះ​ខ្លីៗ​​ ​សម្រាប់​ប្រិយមិត្ត មិត្ត​យុវវ័យ​ ដែល​ចង់​​បើក​អាជីវកម្ម​ដោយ​ខ្លួន​ឯង​​ ​​ដើម្បី​ជា​​​ទុន​គំនិត​​​​ ស្វែង​យល់​​​ ​​ពី​អ្វី​ដែល​ត្រូវ​ធ្វើ​ដើម្បី​ជួយ​​ឲ្យ​អាជីវកម្ម​ថ្មី​នោះ​ទទួល​ជោគជ័យ។

កំណត់​ឱកាស​មុខ​ជំនួញ​របស់​អ្នក៖ការ ​ជ្រើសរើស​ប្រភេទ​មុខ​ជំនួញ ដើម្បី​ចាប់​ផ្ដើម​ជា​រឿង​មួយ​ដ៏​លំបាក​ ព្រោះ​តោង​ឲ្យ​យើង​សិក្សា​ស្វែង​យល់​ពី​ឱកាស​នៃ​មុខ​ជំនួញ​នោះ ។ ​​ ​​ត្រូវ​ដឹង​​ថា ​​តើ​អ្នក​ស្រឡាញ់​ចូលចិត្ត​អ្វី​ជាង​គេ។​ក្រៅ​ពី​នេះ​​អ្នក​ក៏​ត្រូវ​ដឹង​ដែរ​ថា​ អាជីវកម្ម ​ដែល​អ្នក​ចង់​ធ្វើ​ជា​អាជីវកម្ម​ ងាប់ (អាជីវកម្ម​ដែល​វិវត្តន៍​តិច​តួច ឬ​មិន​វិវត្តន៍​ទាំង​ស្រុង) ឬ​ជា​អាជីវកម្ម​រស់ ​(អាជីវកម្ម​ដែល​អាច​រីក​លូតលាស់​បាន​លឿន)។

ធ្វើ​គម្រោង​ផែនការ៖ គ្រប់​ការ​ចាប់​ផ្ដើម ទាំង​អស់​ ​ការ​ធ្វើ​គម្រោង​ជួយ​ឲ្យ​អ្នក​យល់ដឹង​កាន់​តែ​ជ្រៅ​ពី​រចនាសម្ព័ន្ធ​​អាជីវកម្ម ​ដៃ​គូប្រកួត​ប្រជែង ​និង​ដើមទុន​ដែល​តម្រូវ។ ​បើ​ក្រឡេក​មើល​ ការ​សិក្សា​មួយ​ដែល​បាន​លើក​ឡើង​ក្នុង​សៀវភៅ “Business Plans For Dummies” ដោយ​លោក Paul Tiffany ​ក៏​បាន​និយាយ​ដែរ​ ក្រុមហ៊ុន​ទាំង​ឡាយ​ណា​ដែល​​​មាន​គម្រោង​ផែនការ​ច្បាស់​លាស់​ នោះ​នឹង​មាន​ឱកាស​ទទួល​បាន​ចំណូល ៥០% ​ច្រើន​ជាង​ក្រុមហ៊ុន​ដែល​មិន​មាន។

ស្វែងរក​ថវិកា៖ ជា​រឿង​​ដែល​មិន​អាច​​ខ្វះបាន ។ ការ​ស្វែងរក​ថវិកា​ ជា​ផ្នែក​មួយ​​ចាំបាច់​ជាងគេ ​ហើយ​វិធីសាស្ត្រ​នេះ​ខុស​ប្លែក​ពី​ម្នាក់​ទៅ​ម្នាក់។​តើ​ប្រភព​ថវិកា​ប្រភេទ​ណា​ដែល​សម​នឹង​មុខ​ជំនួញ​ របស់​អ្នក ? ​ប្រភព​ទាំង​នោះ​អាច​ជា ​របស់​ម្ចាស់​អាជីវកម្ម​ផ្ទាល់​ ​ពី​​មិត្តភ័ក្ដិ និង​សមាជិក​ក្នុង​​ក្រុម​គ្រួសារ ​​ពី​ដៃគូ​វិនិយោគ ​កម្ចី​ហិរញ្ញប្បទាន ​ឬ​កម្មវិធី​ឧបត្ថម្ភ​​ជាដើម។

ដាក់ឈ្មោះ​អាជីវកម្ម៖ ការ​ជ្រើស​ឈ្មោះ​អាជីវកម្ម​ដ៏​ត្រឹមត្រូវ​ អាច​ទាញ​ចំណាប់​អារម្មណ៍​អតិថិជន​ឲ្យ​ចាប់​អារម្មណ៍​មក​លើ​សេវាកម្ម ឬ​ផលិតផល​របស់​អ្នក។ ជា​ទូទៅ​តាម​ប្រភព​មួយ​ចំនួន​លើក​ឡើង​ថា​ ឈ្មោះ​អាជីវកម្ម​​​គួរ​តែ​​​ខ្លី​ ងាយ​ស្រួល​ចាំ​ ​ខុស​ប្លែក​ពី​អ្នក​ដទៃ​ ​​និង​​​ទាក់​ទាញ។

សុំ​​អាជ្ញាប័ណ្ណ៖ ​ត្រូវ​ចុះ​ឈ្មោះ​អាជីវកម្ម​ជាមួយ​អាជ្ញាធរ​​ពាក់​ព័ន្ធ។

កំណត់​ទីតាំង​អាជីវកម្ម៖ការ​ជ្រើសរើស​ទីតាំង​​ដ៏​ត្រឹម​ត្រូវ ​នឹង​អាច​ជួយ​ឲ្យ​អាជីវកម្ម​​ទទួល​ជោគជ័យ​បាន​រហ័ស។ ​ទីតាំង​អាច​នៅ​​ទី​ប្រជុំប្រជន​ ​​​ផ្លូវ​កែង ឬ​ក្បែរ​ផ្លូវ​ប្រសព្វ​​ ​ជា​ដើម។ ​​ក្រៅ​ពី​ការ​ជ្រើស រើស​ទីតាំង ​​ត្រូវ​​ទិញ​សម្ភារៈ​ចាំបាច់​សម្រាប់​ការិយាល័យ ​និង​អាជីវកម្ម ​ការ​រចនា​ទី​កន្លែង​ឲ្យ​មាន​ភាព​ទាក់​ទាញ​ ក៏​​ការ​ចាំបាច់​ដូចគ្នា។

       សង្ឃឹម​ថា ​ចំណុច​ដែល​បាន​រៀបរាប់​ខាងលើ​នឹង​ជួយ​ផ្ដល់​ជា​គំនិត​ចំពោះ​អ្នក​ទាំង​ឡាយ​ដែល​ចង់​ចាប់​ផ្ដើម​អាជីវកម្ម​ថ្មី​មួយ​ដល់​ខ្លួន​ឯង៕

No comments:

Post a Comment