Sunday, December 16, 2012

ការថយគឺការឈានទៅខាងមុខ



សង្គមមនុស្សបានសន្សឹមៗ អភិវឌ្ឍនផ្លាស់ប្តូរមិនឈប់ឈរ ពីសង្គមបុព្វកាលចូលដល់
សង្គមកសិកម្ម តមកក៏សង្គម ឧស្សាហកម្ម។ ការផ្លាស់ប្តូរនៃសង្គមដូចពោលមកនេះធ្វើឲ្យ
មធ្យោបាយការដំណើរជីវិតមានការផ្លាស់ប្តូរយ៉ាងធំធេង។

ការផ្លាស់ប្តូរប្រការដំបូងគឺ ការផ្លាស់ប្តូរផ្នែកបរិដ្ឋាន មានផលធ្វើឲ្យសម្ព័ន្ធភាពរវាងមនុស្ស
ជាមួយធម្មជាតិកើតការផ្លាស់ប្តូរយ៉ាងគំហុគតាមមកផងដែរ តាំងតែយុគអតីតកាលរហូត
ដល់យុគកសិកម្ម មនុស្សរស់នៅរួមគ្នាជាមួយធម្មជាតិក្នុង លក្ខណៈស្រុះស្រួលគ្នា មនុស្ស
ពឹងពាក់និងអាស្រ័យធម្មជាតិ ទោះបីមានការបំផ្លាញធម្មជាតិខ្លះតែក៏មិនអាក្រក់ណាស់ណា
ទេ ទាំងនេះក៏ព្រោះយើងមិនប្រើតិចនោឡូយីដែលមានប្រសិទ្ធិភាពខ្ពស់ដូចក្នុងបច្ចុប្បន្ន
ទៅបំផ្លាញ។
ការផ្លាស់ប្តូរប្រការទីពីរក្នុងផ្នែកសម្ព័ន្ធភាពរវាងមនុស្សជាមួយធម្មជាតិ។ ការផ្លាស់ប្តូរនេះបាន
ជះឥទ្ធិពលចំពោះមនុស្សក្នុងសង្គមយ៉ាងខ្លាំង។ សង្គមដែលផ្លាស់ប្តូរពីសង្គមកសិកម្មក្លាយជា
សង្គមទីក្រុងដែលរស់នៅយ៉ាងកកកុញ និងប្រណាំងប្រជែងដណ្តើមគ្នា ធ្វើឲ្យសម្ព័ន្ធភាពរបស់
មនុស្សដែលធ្លាប់ជួយសង្រ្គោះអនុគ្រោះពឹងពាក់ពំនាក់អាស្រ័យគ្នា ក្លាយជាសម្ព័ន្ធភាពដែល
ប្រណាំងប្រជែងដណ្តើមមុខមាត់គ្នា។
មនុស្សក្នុងសង្គមសព្វថ្ងៃនេះ ព្រោះជីវិតជាប់ជំពាក់ជាមួយសង្គមសេដ្ឋកិច្ច និងនយោបាយ
យ៉ាងណែនខ្នាត់ កាលបើមានការផ្លាស់ប្តូរផ្នែកណាមួយ ក៏នឹងជះឥទ្ធិពលប៉ះពាល់ចំពោះ
ជីវិតការរស់នៅរបស់មនុស្សក្នុងសង្គមយ៉ាងគេចមិនបាន។

ព្រោះការរីកចម្រើនលូតលាស់ផ្នែកខាងវត្ថុប្រព្រឹត្តទៅយ៉ាងឆាប់រហ័សនិងទូលំទូលាយ ប្រកប
ជាមួយមនុស្សត្រូវបានបណ្តុះបណ្តាលឲ្យខំប្រឹងប្រែងស្វែងរកភាពស្តុកស្តម្ភខាងសេដ្ឋកិច្ចនិង
វត្ថុជាសំខាន់ ធ្វើឲ្យមនុស្សត្រូវតស៊ូជាមួយមនុស្សគ្នាឯង ដើម្បីបានជាអ្នកឈ្នះ។ ការតស៊ូដើម្បី
ជ័យជំនះនេះ មនុស្សភាគច្រើនមិនសូវគិតរំពឹងដល់រឿងគុណធម៌ តែច្រើនប្រឹងប្រែង និងឲ្យ
សេចក្តីសំខាន់ចំពោះផលនៃជ័យជំនះ និងការបានវត្ថុមកគ្រប់គ្រងជាគោលសំខាន់។

ការផ្លាស់ប្តូរខាងសង្គម សេដ្ឋកិច្ច នយោបាយ ក្នុងយុគលោកាភិវឌ្ឍន៍ដែលប្រព្រឹត្តទៅយ៉ាង
រួសរាន់គ្រប់ពេលវេលាសព្វថ្ងៃនេះ ទោះបីជាលោកខាងវត្ថុមានការផ្លាស់ប្តូរទៅច្រើនប៉ុណ្ណាក្តី
តែឥរិយាបទក្នុងការបតិបត្តិចំពោះគ្នារបស់មនុស្សក្នុងសង្គម ក៏នៅមានឥរិយាបទដែលយើង
អាចសរុបបាន ២លក្ខណៈដូចនេៈ-

លក្ខណៈដំបូងគឺ ឥរិយាបទដែលសម្តែងចេញដោយការសង្កត់អ្នកដទៃដើម្បីឲ្យខ្លួនលេចធ្លោ
មធ្យោបាយដូចនេះមានមនុស្សនាំទៅបតិបត្តិជាច្រើន ហើយច្រើនតែធ្វើឲ្យអ្នកដទៃមិនពេញចិត្ត
ជួនកាលយើងអាចសង្កត់គេបានមួយខណៈ តែបើកាលណាគេបានឪកាស គេនឹងត្រឡប់មក
បំផ្លាញយើងវិញ ជាពិសេសង្គមដែលប្រណាំងប្រជែងដណ្តើមគ្នាដូចជាសព្វថ្ងៃនេះ ក៏រឹតធ្វើឲ្យ
ហេតុការណ៍រីករាលដាលខ្លាំងឡើង។

លក្ខណៈទីពីរគឺ ឥរិយាបទអត់ឪនពំនាក់អាស្រ័យគ្នា វិធីនេះជាវិធីបតិបត្តិដែលសុភាពទន់ភ្លន់
ជួនកាលយើងក៏ព្រមចាញ់ប្រៀបគេ ជួនកាលគេក៏ព្រមចាញ់ប្រៀបយើងម្តង ជាការថ្នមទឹកចិត្ត
គ្នាទៅវិញទៅមក ហេតុការណ៍ដែលនឹងប៉ះពាល់គ្នាយ៉ាងខ្លាំងក្លា ឫកើតការបែកបាក់ ដែលក-
ឲ្យកើតការខូចខាតទាំងសងខាងក៏នឹងមិនកើតមាន។

នៅក្នុងសង្គមអាស៊ីបូព៌ានោះ យើងច្រើនឲ្យសេចក្តីសំខាន់ក្នុងរឿងឥរិយាបទការបតិបត្តិខ្លួន
ចំពោះញាតិមិត្ត បងប្អូន ភឿនផងរបងជាមួយ ដូច្នេះការបតិបត្តិចំពោះគ្នាក្នុងការដែលយើង
រស់នៅជាមួយគ្នា ទើបប្រព្រឹត្តទៅក្នុងលក្ខណៈទន់ភ្លន់អាស្រ័យគ្នានិងគ្នា មិនកាត់សេចក្តី
ដោយពាក្យថាខុសឬត្រូវ ឬប្រើភាពហិង្សាដើម្បីតែយកឈ្នះគ្នា ទាំងនេះព្រោះញាតិមិត្ត បងប្អូន
ឬអ្នកជិតខាងនោះ យើងច្រើនជួបប្រទះគ្នាញឹកញយជាប្រចាំ បើគិតតែយកឈ្នះគ្នាក៏នាំឲ្យកើត
ឃ្នើសចិត្តគ្នា កាលបើឃ្នើសចិត្តគ្នាហើយនោះកាន់តែនៅជិតគ្នារឹតមើលមុខគ្នាមិនចំ។

ចំពោះចំនុចការបតិបត្តិខ្លួនចំពោះអ្នកដទៃដើម្បីឲ្យមានការរស់នៅរួមគ្នាយ៉ាងមានក្តីសុខនោះ
ហុងអ៊ិងមិង បានសរុបទុកយ៉ាងគួរឲ្យស្តាប់ដូចនេះ៖

ការធ្វើដំណើរក្នុងទីចង្អៀតៗ ត្រូវព្រមឲ្យអ្នកដទៃដើរឆ្លងទៅមុន កាលមានរបស់ឆ្ងាញ់បរិភោគ
ត្រូវបែងចែកមួយចំណែកឲ្យអ្នកដទៃបានភ្លក់រសជាតិនេះជាមធ្យោបាយសំខាន់បំផុតក្នុងការ
រស់នៅរួមគ្នាក្នុងសង្គមយ៉ាងមានសេចក្តីសុខ

ប្រាកដណាស់ផ្លូវដើរនៅលើភ្នំច្រើនតែចង្អៀត ពិបាកក្នុងការដើរបញ្ច្រាស់គ្នាពីនាក់ បើដណ្តើម
គ្នាក៏នឹងកើតអន្តរាយធ្លាក់ចុះទៅក្នុងជ្រោះជ្រៅបាន មធ្យោបាយល្អបំផុតគឺព្រមឲ្យនរណាម្នាក់
ដើរឆ្លងទៅមុន ការធ្វើដូចនេះនឹងជួយរក្សាជីវិតគ្នាទៅវិញទៅមក ក្នុងទំនងដូចគ្នានេះ កាល
បានទទួលការលើកតម្កើងឬផលប្រយោជន៍គួរបែងចែកឲ្យអ្នកដទៃផង មិនទទួលយកទុកតែ
ម្នាក់ឯង ការធ្វើដូចនេះក៏អាចនៅរួមគ្នាបានយ៉ាងសន្តិនិងមានសេចក្តីសុខបាន។

សម្រាប់ឥរិយាបទក្នុងការបតិបត្តិខ្លួនឲ្យរស់នៅក្នុងសង្គមយ៉ាងមានសេចក្តីសុខនិងឈានមុខ
នោះហុងអ៊ិងមិង បានបង្ហាញគោលការណ៍ក្នុងការបតិបត្តិខ្លួនដូចនេះ៖

ក្នុងការសេពគប់សមាគមន៍នោះ ការចេះថយមួយជំហានជាកុសលោបាយដែលល្អបំផុត

ទាំងនេះព្រោះការថយមួយជំហានជាមូលដ្ឋានសម្រាប់ខ្លួនក្នុងការឈានទៅមុខមួយជំហាន
ទៀត។ការទំនាក់ទំនងសម្ពន្ធជាមួយអ្នកដទៃត្រូវប្រាកដប្រជានិងចេះបន្ធូបន្ថយ ទាំងនេះព្រោះ
ការឲ្យភាពស្រណុកសប្បាយដល់ អ្នកដទៃ ជាមូលដ្ឋាននៃការសាងភាពស្រណុកសប្បាយឲ្យ
ដល់ខ្លួនឯងផងដែរ។

No comments:

Post a Comment