អំឡុងពេលសិក្សានៅថ្នាក់មហាវិទ្យាល័យការធ្វើការងារក្រៅម៉ោងអាចជាការបន្ថែមបន្ទុកទៅលើការសិក្សា
បាន។
ប៉ុន្តែបើសិក្សាស្វែងយល់ពីអត្ថប្រយោជន៍ឱ្យបានច្បាស់
នោះអ្នកនឹងភ្លឺភ្នែកថា
ការងារក្រៅម៉ោង មានគុណប្រយោជន៍យ៉ាងណា។
និស្សិតជ្រើសរើស
ធ្វើការងារក្រៅម៉ោងដោយហេតុផលផ្សេងៗគ្នា
អ្នកខ្លះធ្វើការដើម្បីទទួលបានធនធានចំណេះដឹងចំណេះធ្វើអ្នកខ្លះធ្វើការក្រៅម៉ោងដោយសារជីវភាពមានការខ្វះខាត
និងមានកត្តាផ្សេងៗទៀតជាច្រើន។ ចង់ដឹងថាការងារក្រៅម៉ោងផ្ដល់អត្ថប្រយោជន៍យ៉ាងណា
នោះផបហ្សូន អាស៊ីនឹងបរិយាយប្រាប់ប្រិយមិត្តមានដូចខាងក្រោមនេះ។
១. ទទួលបានជំនាញ និងបទពិសោធន៍ថ្មីៗ
មានក្រុមហ៊ុន ជាច្រើនដែលផ្ដល់វគ្គបណ្ដុះបណ្ដាលដល់បុគ្គលិកក្នុងពេលវេលាជាក់លាក់មួយ
មុនពេលចាប់ផ្ដើមការងារ
ដើម្បីឱ្យបុគ្គលិកថ្មីបានស្គាល់ច្បាស់ពីមុខងារ និងតួនាទីដែលខ្លួនត្រូវបំពេញ។ ជំនាញដែលអ្នកទទួលបានពីវគ្គបណ្ដុះបណ្ដាលអាចខុសប្លែកពីអ្វីដែលអ្នកបានរៀននៅក្នុងថ្នាក់។ លើសពីនេះទៅទៀត
អ្នកអាចទទួលបានជំនាញផ្សេងៗ បន្ថែមពីលើជំនាញដែលអ្នកមាន
និងអាចជួយសម្រួលដល់ការងារអ្នកឱ្យដើររលូនជាងមុន។
២. យល់ពីតម្លៃនៃទឹកប្រាក់ និងចេះសន្សំសំចៃ
នៅពេលដែលបានចូលធ្វើការដោយខ្លួនឯង
អ្នកនឹងយល់កាន់តែច្បាស់ពីតម្លៃទឹកប្រាក់។ ពេលនេះអ្នកនឹងដឹងថា តើឪពុកម្ដាយដែលខំរកប្រាក់មកទំនុកបម្រុង
អ្នកពីមុនមកមានការលំបាកយ៉ាងណា។មិនតែប៉ុណ្ណោះអ្នកក៏ប្រហែលជាមិនចំណាយខ្ជះខ្ជាយដូចមុនទៀតដែរ ដោយបែងចែកការចំណាយលើអ្វីដែលខ្លួនយល់ថាសំខាន់សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃតែប៉ុណ្ណោះ។
៣. ទទូលបានចំណូលបន្ថែម
ការធ្វើការក្រៅម៉ោង
អាចជួយដល់អ្នកទទួលបានប្រាក់ចំណូលបន្ថែមលើប្រាក់ចំណូលបច្ចុប្បន្នរបស់អ្នក។
អ្នកអាចជួយសម្រាលបន្ទុកគ្រួសារមួយចំណែកនៅពេលដែលអ្នកទទួលបានកម្រៃខ្លះពីការធ្វើការងាររបស់អ្នក។ ត្រូវចាំថាការងារក្រៅម៉ោង មិនមែនសុទ្ធតែផ្ដល់កម្រៃទាបទាំងអស់នោះទេ
គឺអាស្រ័យលើទំហំការងារ និងតួនាទីរបស់អ្នក។ បើអ្នកមានតំណែងខ្ពស់ ប្រាក់កម្រៃដែលអ្នកទទួលក៏ក្រាស់ក្រែលតាមហ្នឹងដែរ។
៤. ចេះបែងចែក នឹងគោរពពេលវេលាបានត្រឹមត្រូវ
ការសិក្សានៅមហាវិទ្យាល័យការគ្រប់គ្រប់ពេលវេលាជាជំនាញដ៏សំខាន់សម្រាប់ឱ្យនិស្សិតទទួលបានជោគជ័យ។ ដូច្នេះការធ្វើការងារក្រៅម៉ោង ជួយឱ្យនិស្សិតឈប់គិតពីការពន្យារពេលធ្វើការងារសាលាផ្សេងៗ
ព្រោះវគ្គនេះបើគេមិនធ្វើវាភ្លាមៗ គេនឹងគ្មានពេលធ្វើទាន់ពេលកំណត់នោះទេ។ អ្នកនឹងចាត់ចែងពេលវេលាគ្រប់សកម្មភាពរបស់អ្នកបានប្រសើរមិនថាជាការដើរហើរ
ការមើលទូរទស្សន៍
និងការងារផ្សេងៗនោះឡើយ។ ផ្ទុយទៅវិញ
បើអ្នកគ្មានការងារធ្វើ នោះអ្នកប្រហែលជាចំណាយពេលវេលាខ្ជះខ្ជាយឥតប្រយោជន៍
គ្មានការបែងចែកច្បាស់លាស់ឡើយ
ដូចពាក្យដែលគេនិយាយថា “បើចង់សម្រេចការងារទាន់ពេល
សុំឱ្យអ្នករវល់មកជួយ”
នេះមានន័យថាអ្នករវល់តែងឆ្លៀតពេលវេលាមួយចំណែកនៃការងារដែលគេមាន មកបំពេញការងាររបស់គេ។
អ្វីដែលផបហ្សូន
អាស៊ី បានពន្យល់ប្រាប់នៅពេលនេះគឺគ្រាន់តែ ជួយដាស់តឿន នឹងជាការបង្ហាញផ្លូវមួយ ធ្វើបានឬមិនបានវាអាស្រ័យទៅលើបុគ្គលម្នាក់ៗជាអនុវត្ត នឹងប្រត្តិបត្តិតាមតែប៉ុណ្ណោះ។ អ្វីដែលសំខាន់ យើងត្រូវចាំថា ការងារមិន ដែលរត់រកមនុស្សទេ មានតែមនុស្សទេជាអ្នករត់រកការងាដូចទស្សនៈមួយដែលបានដកស្រង់ចេញពីសៀវភៅស្រីហិតោបទេសលើកឡើងថាការទាំងឡាយសម្រេចទៅបានដោយសេចក្តីព្យាយាមប្រឹងប្រែងដោយពិតមិនមែនដូចមនោរថទេ ដូចម្រឹកមិនបោលចូលមាត់សីហៈដែលកំពុងដេកលក់ ឡើយ។ទស្សនៈនេះគឺមានន័យថាគ្រប់ការងារទាំងអស់វាអាស្រ័យលើការព្យាយាមទើបបានសម្រេច។
No comments:
Post a Comment