ជា ការពិត ភាពឆេវឆាវ
និងការខឹងក្រេវក្រោធអាចកើតឡើងជាមួយនិងមនុស្សគ្រប់គ្នា
នៅគ្រប់ទីកន្លែងដូចជានៅកន្លែងធ្វើការជាមួយនិងចៅហ្វាយនាយ
នៅផ្ទះជាមួយនិងម្តាយក្មេក ឬស្វាមីភរិយា និងនៅតាមដងផ្លូវសាធារណៈជាមួយនិងអ្នកបើកបរផ្សេងៗជាដើម
។ ពួកគេស្រែកខ្លាំងៗ
មិននិយាយរក
ចង់បង្កបញ្ហា បញ្ចេញកាយវិការត្រគោះបោះបោក
ឬគំរាមវាយលោកអ្នកជាដើម ។ ទាំងនេះគឺសុទ្ធតែជាកាយវិការដែលបណ្តាលមកពីភាពឆេវឆាវទាំង
កំរោល ហើយវាក៏ជាហេតុដែលបណ្តាលឱ្យមនុស្សម្នាក់ៗបាត់បង់នូវសតិ
សម្បជញ្ញៈ ខ្វះការពិចារណា និងមិនអាចគ្រប់គ្រងអារម្មណ៍របស់ខ្លូនឯងបាន
។
តើគួរធ្វើយ៉ាងណាទើបអាចគ្រប់គ្រង់មនុស្សដែលកំពុងតែខឹង
ឆេវឆាវទាំងនេះបាន ? ចម្លើយនឹងអាចបកស្រាយបានជាមួយនិងវិធីសាស្ត្រខាងក្រោមនេះ
ធ្វើចិត្តឱ្យត្រជាក់ ៖
ប្រសិនបើភាគីម្ខាងជាមនុស្សឆេវឆាវទៅហើយ លោកអ្នកត្រូវតែរៀនចេះធ្វើចិត្តខ្លួនឯងឱ្យត្រជាក់ពីព្រោះ
ប្រសិនបើអ្នកទាំងពីរសុទ្ធតែឆេវឆាវដូចគ្នា
នោះវានឹងបង្កររឿងរឹតតែធំឡើងៗមិនចេះចប់ ។ ជាលទ្ធផលអ្វីក៏លោកអ្នកទទួលមិនបាន
ហើយផ្ទុយទៅវិញ លោកអ្នកទទួលបានតែភាពហ្មងសៅក្តៅក្រហាយនៅក្នុងចិត្តឥតប្រយោជន៍ ។ នៅពេលដែលភ្លើងកំពុងតែឆេះ
លោកអ្នកត្រូវតែយកទឹកមកពន្លត់មិនមែនយកសាំងទៅចាក់ពីលើនោះទេ
។
ស្វែងរកឫសគល់នៃភាពក្រោធខឹង
៖ ជាក់ស្តែង
ប្រសិនបើចង់ដោះស្រាយបញ្ហា លោកអ្នកត្រូវតែរកមូលហេតុដែលបង្កបញ្ហានោះជាមុនសិន
។ បន្ទាប់មកលោកអ្នកសាកល្បងយកចិត្តរបស់អ្នកដទៃមកដាក់ក្នុងចិត្ត
របស់ខ្លួនឯង ហើយនេះមានន័យថា លោកអ្នកសាកសួរខ្លួនឯងទៅមើលថាតើលោកអ្នកនឹងមានអារម្មណ៍
និងប្រតិកម្មយ៉ាងណាប្រសិនបើរឿងនោះកើតឡើងលើខ្លួនលោកអ្នកវិញ
។ ការធ្វើបែបនេះអាចឱ្យលោកអ្នកមានអារម្មណ៍ត្រជាក់ដើម្បីនឹងរក
វិធីមកដោះស្រាយនូវបញ្ហាទាំងនោះ ។
ស្តាប់ ៖
ការស្តាប់គឺជាមធ្យោយបាយមួយដែលមានប្រសិទ្ធភាពក្នុងការបង្ក្រាប
មនុស្សដែលកំពុងតែខឹងឆេវឆាវ ។ លោកអ្នកគួរគប្បីស្តាប់នូវអ្វីដែលពួកគេនិយាយទោះបីវាពិត
ឬមិនពិតយ៉ាងណាក៏ដោយដើម្បីឱ្យពួកគេបញ្ចេញនូវអារម្មណ៍ដែលឆេវ
ឆាវនោះចេញមកក្រៅឱ្យអស់ ហើយលោកអ្នកត្រូវបង្ហាញថា លោកអ្នកពិតជាយកចិត្តទុកដាក់ស្តាប់នូវអ្វីដែលពួកគេកំពុង
និយាយនោះពិតប្រាកដមែន ។ ជាលទ្ធផល
កំហឹងរបស់ពួកគេនឹងកាត់បន្ថយពីព្រោះជាធម្មតាមនុស្សយើងតែងតែ
មានអារម្មណ៍រីករាយនៅពេលដែលអ្នកដទៃយកចិត្តទុកដាក់ស្តាប់នូវ
អ្វីដែលខ្លួននិយាយ ។
ទុកឱ្យពេលវេលាជាអ្នកព្យាបាល ៖
ភាពក្រេវក្រោធមួយពេលអាចបណ្តាលឱ្យមនុស្សគិតមិនបាន
វែងឆ្ងាយហើយប្រព្រឹត្តនូវរឿងអ្វីមួយដែលមិនគួរធ្វើ។ដូចនេះវិធីដែលល្អបំផុតលោកអ្នកគួរតែនៅឱ្យឆ្ងាយពីមនុស្សដែលកំពុងខឹង
ដើម្បីជៀសវាងកុំឱ្យគេជះកំហឹងដាក់ខ្លួនរបស់លោកអ្នក
។ ការធ្វើបែបនេះមិនមែនមានន័យថា
លោកអ្នកជាមនុស្សដែលគេចពីបញ្ហានោះទេ ប៉ុន្តែលោកអ្នកត្រូវចាំថា ពេលខ្លះបញ្ហាមួយចំនួនត្រូវការពេលវេលាទើបអាចដោះស្រាយបាន
។ ហេតុនេះ
ទុកឱ្យពេលវេលាជាអ្នកជួយរំងាប់នូវអារម្មណ៍ឆេវឆាវនោះ
។ នៅពេលដែលភាពឆេវឆាវចេញផុត
រឿងអ្វីក៏អាចដោះស្រាយបានដែរ ។
ប្តូរប្រធានបទ ៖
ជាធម្មតាមនុស្សដែលកំពុងតែខឹងតែងតែនិយាយអ្វីដែលៗដោយ
សារតែពួកគេគិតថា លោកអ្នកមិនយល់នូវអ្វីដែលពួកគេកំពុងនិយាយ ។ ហេតុដូចនេះ
លោកអ្នកគួរតែរកវិធីដើម្បីបញ្ឈប់នូវភាពច្រំដែលទាំងនេះដោយ
ប្រាប់ពួកគេថា “លោកអ្នកយល់នូវអ្វីដែលពួកគេកំពុងនិយាយហើយ” ។ បន្ទាប់មកលោកអ្នកត្រូវចាប់ផ្តើមនិយាយពីប្រធានបទមួយផ្សេងទៀត
ដោយសន្សឹមៗពីព្រោះប្រសិនបើលោកអ្នកចាប់ផ្តើមប្តូរនូវប្រធានមួយ
ផ្សេងទៀតដោយប្រយោល ឬភ្លាមៗនោះ វានឹងអាចធ្វើឱ្យពួកគេខឹងសារជាថ្មីម្តងទៀតដោយគិតថា
លោកអ្នកគ្រាន់តែឆ្លើយថា យល់ឱ្យតែរួចពីមាត់ប៉ុណ្ណោះ ។
បោះបង់ចោល ៖
ប្រាកដណាស់ ពេលខ្លះទោះបីជាលោកអ្នកព្យាយាមខំប្រឹងបកស្រាយ និងលើកហេតុផលមកបញ្ជាក់យ៉ាងណា ក៏ពួកគេនៅតែខឹងនឹងលោកអ្នកដដែល ។ ដូច្នេះមធ្យោយបាយដ៏ល្អនោះគឺបោះបង់ចោលអ្វីក៏មិនបាច់ធ្វើពី
ព្រោះពេលខ្លះវាមិនប្រាកដថា លោកអ្នកជាមូលហេតុដែលបណ្តាលឱ្យពួកគេខឹងទាំងស្រុងនោះទេ
ឬបើយកល្អ លោកអ្នកគួរតែទុកឱ្យពេលវេលាជាអ្នករំងាប់អារម្មណ៍ខឹងរបស់ពួក គេដូចដែលបានពិពណ៌នាខាងលើ ៕
No comments:
Post a Comment