Sunday, December 16, 2012

កម្លាំងចិត្តពេលរួញរាអស់សង្ឃឹម



នៅពេលដែលយើងអស់កម្លាំងចិត្ត ព្រោះនឿយហត់ជាមួយជីវិតហួសពេក ឫព្រោះអស់សង្ឃឹម
ក្នុងរបស់ដែលយើងប្រាថ្នាក៏ដោយ ពេលនោះយើងតែងមានអារម្មណ៍មិនចង់ឈានដើរតទៅ
មុខទៀតសូម្បីតែមួយជំហាន ដោយសារយើងមានអារម្មណ៍ថាវាហាក់ដូចជាអស់កម្លាំងចិត្ត
ល្ហិតល្ហៃខ្លាំងណាស់។

ពេលយើងខ្វះកម្លាំងចិត្ត យើងតែងសម្លឹងរកមើលកម្លាំងចិត្តនោះពីអ្នកដទៃ តែតាមការពិតនោះ
មានតែខ្លួនយើងខ្លួនឯងប៉ុណ្ណោះដែលអាចដាស់តឿនលួងលោមខ្លួនឯងបានល្អបំផុត។
ព្រោះទោះបីជាមាននរណាម្នាក់មកឲ្យកម្លាំងចិត្តក៏ដោយ ក៏មិនអាចធ្វើឲ្យយើងមានអារម្មណ៍
ស្រស់ស្រាយសប្បាយចិត្តបានឡើយ ដោយសារយើងបានយកចិត្តទៅចងភ្ជាប់នឹងមនុស្សដទៃ
ឫរបស់ដទៃផ្សេងទៀត រហូតមិនអាចមើលឃើញគុណតម្លៃរបស់មនុស្សដែលកំពុងឲ្យកម្លាំងចិត្ត
ដល់យើងក្នុងខណៈនោះបានទៅហើយ។
ហើយទោះថាយើងត្រូវនៅឯកោម្នាក់ឯងក្តី ថ្ងៃដែលយើងរកមើលនរណាក៏មិនជួបប្រទះសោះ
នោះយើងក៏ត្រូវចេះធ្វើជាមិត្តជាមួយខ្លួនឯង ចាំលួងលោមនិងឲ្យកម្លាំងចិត្តដល់ខ្លួនឯង កុំជាន់
ថែមថាជាកំហុសឆ្គងរបស់ខ្លួនឯង កុំបង្រៀនឲ្យខ្លួនឯងចេះបន្ទោស ឫទម្លាក់កំហុសលើអ្នកដទៃ
តែប្រាប់ខ្លួនឯងឲ្យទទួលស្គាល់នូវរឿងដែលបានកើតឡើង និយាយជាមួយខ្លួនឯងថាយើងនឹង
សន្សឹមៗរកមធ្យោបាយឈានតទៅមុខទៀត ធ្វើឲ្យខ្លួនឯងឃើញថា បើយើងរួញរាអស់កម្លាំងចិត្ត
រហូតដល់បោះបង់ចោលហើយនោះនឹងមានលទ្ធផលដូចម្តេចខ្លះ ហើយបើស៊ូតទៅទៀតនឹងល្អ
ប្រសើរឡើងដូចម្តេចខ្លះ។

បើយើងរួញរាព្រោះអស់សង្ឃឹម ឲ្យសាងក្តីសង្ឃឹមជាថ្មី។
បើយើងរួញរាព្រោះហត់នឿយ ឲ្យសម្រាកហើយចាំចាប់ផ្តើមជាថ្មី។
បើយើងរួញរាព្រោះធុញទ្រាន់ ឲ្យសាកល្បងផ្លាស់ប្តូរអ្វីថ្មីៗ។

កាលបើអ្វីៗ ទាំងអស់វានៅខ្ពស់ហួសសមត្ថភាពការគ្រប់គ្រងរបស់យើង ពេលនោះយើងតែង
មានអារម្មណ៍រួញរាអស់កម្លាំងចិត្ត ហើយវិធីហៅកម្លាំងចិត្តឲ្យត្រឡប់មកវិញវាជារឿងងាយទេ
គឺគ្រាន់តែសាងសេចក្តីជឿជាក់លើខ្លួនឯងឲ្យកើតឡើងបានម្តងទៀតប៉ុណ្ណោះ ដូចជាធ្វើការផ្លាស់
ប្តូរអ្វីម្យ៉ាងរៀបចំដំនើរការចាត់របៀបជីវិតជាថ្មីជាដើម។ ពេលយើងក្តោបក្តាប់គ្រប់យ៉ាងបានល្អ
ល្មមសមគួរហើយនោះ យើងក៏នឹងត្រឡប់មានអារម្មណ៍ល្អឡើងវិញជាក់ជាមិនខាន តែកុំភ្លេចថា
បតិបត្តិការទាំងនេះត្រូវដំនើរទៅសន្សឹមៗ គ្មានអ្វីល្អទាំងស្រុងគ្រប់បែបយ៉ាងដូចចិត្តយើងប្រាថ្នា
នោះទេ។

No comments:

Post a Comment