Sunday, December 16, 2012

វិធីសាស្រ្តក្នុងយុទ្ធសាស្ត្រទីផ្សា




ការលក់ដែលទទួលបានជោគជ័យ គឺកើតចេញពីការគិត និងការអនវត្ត។ ការលក់តម្រូវឲ្យមានការ​​ប្រើប្រាស់យុទ្ធសាស្រ្ដ ដំណាក់កាល និងវិធីសាស្រ្ដក្នុងការ​​វាស់ស្ទង់ និងគ្រប់គ្រង។ ការលក់ គឺត្រូវកើតចេញពីការប្ដេជ្ញាចិត្តយ៉ាងមោះមុតជាទីបំផុត។ ខាងក្រោមនេះ គឺជាជំហានទាំង៥សម្រាប់ឲ្យការលក់របស់អ្នកទទួលបានជោគជ័យ៖

. កំណត់គោលដៅទីផ្សារៈ អ្នកត្រូវមានគម្រោងកំណត់ពីគោលដៅទីផ្សាររបស់អ្នកឲ្យបានច្បាស់លាស់។ អ្នកត្រូវដឹងថាគោលដៅទីផ្សាររបស់អ្នកនៅកន្លែងណាខ្លះ និងសម្រាប់មនុស្សប្រភេទណាខ្លះ? នៅពេលដែលអ្នកដឹងទីតាំង និងប្រភេទអតិថិជនហើយ អ្នកត្រូវដឹងថាការលក់របស់អ្នកត្រូវចាប់ផ្ដើមពីកន្លែងណា។ បន្ថែមពីនេះ អ្នកត្រូវកំណត់ពេលវេលា និងចំនួននៃការលក់របស់អ្នកនៅទីតាំងនីមួយៗ។

. ភ្ជាប់ទំនាក់ទំនងផ្ទាល់ជាមួយអតិថិជនៈ ធម្មតា អ្នកត្រូវតែធ្វើបញ្ជីដើម្បីកត់ត្រាពីអាសយដ្ឋានទំនាក់ទំនងអតិថិជនរបស់អ្នកដែលធ្លាប់បានមកជាវទំនិញរបស់អ្នក។ នៅពេលដែលអ្នកចុះធ្វើការលក់​​នៅទីណាមួយ អ្នកអាចធ្វើការសើររើបញ្ជីមកវិញដើម្បីស្វែងរកអតិថិជនណាដែលនៅក្បែរទីនោះ ហើយធ្វើការទំនាក់ទំនងតាមទូរស័ព្ទដើម្បីឲ្យពួកគេមកទិញទំនិញថ្មីរបស់អ្នក។ ប្រសិនជាការលក់របស់អ្នកមិនត្រូវទីតាំងរបស់អតិថិជនមួយចំនួនក៏ដោយ ក៏អ្នកនៅតែត្រូវធ្វើការទំនាក់ទំនង និងផ្ដល់ព័ត៌មានឲ្យពួកគេបានដឹងផងដែរ។

. ដឹងពីអ្វីដែលត្រូវសួរអតិថិជនៈ មុននឹងអ្នកទៅកាន់គោលដៅនៃការលក់ អ្នកត្រូវរៀបចំបញ្ជីសំណួរសម្រាប់សួរអតិថិជន។ សំណួរទាំងនោះ គឺទាក់ទងនឹងសុខទុករបស់ពួកគេដើម្បីឲ្យពួកគេមានអារម្មណ៍ថាយើងយកចិត្តទុកដាក់ និងឲ្យតម្លៃលើពួកគេ។ បន្ទាប់មកយើងគួរសួរពីប្រភេទផលិតផលដែលពួកគេចង់បាន និងអ្វីដែលពួកគេចង់ឲ្យយើងផ្ដល់ឲ្យ។

. ចែកចាយ និងកសាងៈ ចែកចាយពីអ្វីដែលអ្នកចង់ធ្វើ និងផ្ដល់ឲ្យពួកគេនៅអ្វីដែលយើងបាននិយាយ។ យើងមិនត្រូវបាននិយាយបានតែមាត់ដោយគ្មានការអនុវត្ដន៍នោះទេ។

. ការត្រួតពិនិត្យៈ អ្នកត្រូវត្រួតពិនិត្យ និងតាមដានដំណើរការនៃការលក់របស់អ្នកឲ្យបានទៀតទាត់។ អ្នកមិនត្រូវធ្វើការធ្វេសប្រហែស បើទោះបីជាការលក់របស់អ្នកមានកំណើនខ្លាំងក៏ដោយ។ អ្នកត្រូវសួរខ្លួនឯងថា តើការលក់របស់អ្នកដំណើរការយ៉ាងណាហើយ? តើការលក់របស់អ្នកទទួលបានអ្វីខ្លះហើយ? តើមានចំនុចអ្វីខ្លះដែលមិនដំណើរការ? តើអ្នកជួបផលវិបាកអ្វីខ្លះ?

នៅពេលដែលអ្នកដឹងពីដំណើរការនៃការងាររបស់អ្នកបានច្បាស់លាស់ អ្នកនឹងមានភាពងាយស្រួលក្នុងការគ្រប់គ្រងលទ្ធផលរបស់អ្នក។ មិនតែប៉ុណ្ណោះប្រសិនជាមានបញ្ហាអ្វីមួយកើតឡើង អ្នកអាចរកវិធីដោះស្រាយបានទាន់ពេលវេលា៕

No comments:

Post a Comment