Sunday, December 16, 2012

ចំណុចដែលត្រូវធ្វើនៅថ្ងៃចាប់ផ្តើមការងារដំបូង


ថ្ងៃ​ចាប់ផ្តើម​ការងារ​ដំបូង​របស់​អ្នក នៅក្នុង​ការិយាល័យ​ថ្មី​មួយ តែង​កើតមាន​ជាមួយនឹង​អារម្មណ៍ ជាច្រើន នូវ ភាព​ថប់​បារម្ភ និង ការភ័យខ្លាច​។ ជាដំបូង អ្នក​ត្រូវ​ផ្សាំ​ខ្លួន​អ្នក ទៅ​នឹង​កន្លែង​ថ្មី​នេះ ដោយ​ការ ជួប​នឹង​ណែនាំ​ខ្លួន​ជាមួយនឹង មនុស្ស​ដែល​អ្នក​មិន ដែល​ស្គាល់​ពី​មុន​មក និង ត្រូវ​ប្រាកដ​ផងដែរ​ថា អ្នក​បាន​រៀបចំ​ឥរិយាបថ ឬ​ក​ពាសមរម្យ
ដូច្នេះ​អ្នកនឹង​តែងតែ​ស្ថិតនៅក្នុង កំណត់ត្រា​ល្អ របស់​ថ្នាក់ ដឹកនាំ​ជាន់ខ្ពស់​របស់​អ្នកជា​មិន​ខាន​។ ការសម្តែង​ចេញ អោយបាន​ល្អ នៅក្នុង​ថ្ងៃ​ចាប់ផ្តើម​ការងារ​ដំបូង គឺជា ចំណុច​សំខាន់​បំផុត ប្រសិនបើ​អ្នក​ត្រូវ បង្កើត​ទីតាំង​មួយ សម្រាប់​ខ្លួន​អ្នក នៅក្នុង​ការិយាល័យ​ថ្មី​នេះ ។ ដូច្នេះ តើ​អ្នក​ត្រូវធ្វើ​ដូចម្តេចខ្លះ ? សូម​បន្ត​អាន​ចំណុច​ដូចខាងក្រោម​នេះ ដើម្បី​ទទួលបាន​នូវ គន្លឹះ​សំខាន់ ៗ ដែល​អាច​អោយ​អ្នក ជោគជ័យ​បាន នៅ​ក្នុង​អាជីព​ការងារ​ថ្មី​របស់​អ្នកនេះ ៖

១. លាក់បាំង​នូវ ភាពភ័យខ្លាច​របស់​អ្នក​
ចំណុច​ដំបូង និង ជា​គោល​សំខាន់ ដែល​អ្នក​ត្រូវ​ធ្វើ នៅក្នុង​ថ្ងៃ​ដំបូង​នេះ​គឺ ត្រូវ​លាក់បាំង​នូវ អារម្មណ៍​នៃ ការភ័យខ្លាច​របស់​អ្នក​។ នៅពេល​ដែល​អ្នក​សម្តែង​នូវ​អារម្មណ៍​នេះ នោះ​អ្នកនឹង​ហាក់​ទៅជា វង្វេងស្មារតី ហើយ​វា​អាច​នឹងធ្វើអោយ មនុស្ស​ដែល​កំពុង​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក វាយតម្លៃ​អ្នក​ខុស​។ ដូច្នេះ មិន​ថា​ពេល ណាក៏ដោយ ដែល​អ្នក​ត្រូវ​បោះជំហាន ទៅ​ក្នុង​ការិយាល័យ​ថ្មី នៅក្នុង​ថ្ងៃ​ដំបូង​នេះ នោះ​អ្នក​ត្រូវតែ​ប្រាកដ ច្បាស់ ក្នុង​ចិត្ត​ថា អ្នក​បាន​លាក់បាំង​បាន​នូវ ភាព​ភិតភ័យ និង រាល់​ការបារម្ភ​ផ្សេងៗ នេះហើយ ។​


២. តែងតែ​រក្សា​នូវ​ស្នាម​ញញឺម​
វិធី​មួយ​ដ៏​ល្អ​ប្រសើរ​បំផុត ដើម្បី​បិទបាំង​នូវ​ការភ័យខ្លាច​របស់​អ្នក និង សម្តែង​ថា​ខ្លួន​អ្នក​ជា មនុស្ស​ដែល មាន​ប្រជាប្រិយភាព គឺ​ការរក្សា​នូវ​ស្នាមញញឹម​នៅ​លើ​ផ្ទៃមុខ ជានិច្ច​។ អ្នក​ក៏ត្រូវ​កំណត់​បាន ផងដែរ​ថា ស្នាមញញឹម​នេះ គឺ​សាក​សម និង មិនមែន​គ្រាន់តែ​ជា​ការសម្តែង​ចេញ​នោះទេ​។ នៅពេល​ដែល​អ្នក ញញឹម អ្នក​ត្រូវបាន​គេ​សន្មត់​ថា អ្នក​ជា​មនុស្ស​ដែល​មាន​ភាព​រីករាយ ហើយ​មនុស្ស​ដែល​នៅ​ជុំវិញ​ខ្លួន អ្នកនឹង​សំដៅ​មក​រាប់អាន​អ្នកជា​មិត្ត ។​វា​ជា​កក្តា​ដែល នឹង​ធ្វើអោយ​អ្នក​មាន ផាសុក​ទៅនឹង​មជ្ឈដ្ឋាន​ថ្មី មួយ​នេះ​។​


៣. ត្រូវ​ចេះ​សម្តែង​នូវ​ការចាប់អារម្មណ៍​
ថ្ងៃ​ដំបូង​របស់​អ្នក នៅក្នុង​ការិយាល័យ​ថ្មី អាច​នឹង​រួម​មាន​នូវ វគ្គ​ហ្វឹកហាត់​ការងារ ឬ ការណែនាំ​ការងារ និង ទំនួល​ខុស​ត្រូវ​ដែល អ្នក​ត្រូវ​ទទួលបន្ទុក ពី​មិត្ត​រួម​ការងារ​ថ្មី​របស់​អ្នក​។ ពួកគេ អាច​នឹង​ណែនាំ​អ្នក ទៅកាន់ សមាជិក​នៃ ក្រុម​ការងារ​ថ្មី​របស់​អ្នក​។ នៅពេលដែល​មាន​ដំណើរ​ការ​នេះ កើតឡើង នោះ​អ្នក ត្រូវតែ​ប្រាកដថា ខ្លួន​អ្នក​បាន​សម្តែង​នូវ​ចំណាប់​អារម្មណ៍ របស់​អ្នក​ចំពោះ​ពួកគេ​។ ប្រសិនបើ​អ្នក​មាន អារម្មណ៍​ថា​ងងុយ​គេង នៅក្នុង​អំឡុងពេល​នៃ​ការហ្វឹកហាត់​ការងារ ឬ បង្ហាញថា ខ្លួន​អ្នក​ធុញ​ទ្រាំ នឹង​ការ ជួប​នឹង​មនុស្ស​ថ្មីៗ នោះ​អ្នក​អាច​នឹង បង្កើត​នូវ​ចំណាប់​អារម្មណ៍​មិន​ល្អ​មួយ ពី​សំណាក់​មិត្ត​រួម​អាជីព​ថ្មី នៅក្នុង​ថ្ងៃ​ដំបូង​នៃ​ការងារ​ថ្មី នេះ​។​


៤. ត្រូវ​ស្លៀក​សំលៀក​បំពាក់​អោយបាន​សមរម្យ និង មាន​ផាសុក​


នៅក្នុង​ថ្ងៃ​ដំបូង នៅក្នុង​ការិយាល័យ​ថ្មី​នេះ នោះ​អ្នក​នឹងត្រូវ​ស្វែង​យល់​នូវ បទពិសោធន៍​ថ្មីៗ និង មនុស្ស​នៅ​ជុំវិញខ្លួន ដែល​អ្នក​មិន​ដែល​ស្គាល់​ពី​មុន​មក​។ ប្រការនេះ នឹង​ធ្វើអោយ​អ្នក មាន​អារម្មណ៍ ភ័យខ្លាច ឬ បាត់បង់​ភាព​ជឿជាក់​លើ​ខ្លួនឯង​។ លើសពីនេះទៅទៀត ប្រសិនបើ​អ្នក ស្លៀក​នូវ​សំលៀក បំពាក់ ដែល​មិន​បាន​ផ្តល់​នូវ​ផា​សុកភាព ឬ លេចធ្លោ​ខ្លាំងពេក នោះ​វា​នឹង​ធ្វើអោយ​អ្នក​មាន​អារម្មណ៍ ប្រុង ប្រយ័ត្ន​គ្រប់ពេល​ទាំងអស់ ។​


៥. ព្យាយាម​ចងចាំ​ឈ្មោះ​
វា​ប្រាកដជា​ពិបាក ក្នុងការ​ចង​ចាំ​ឈ្មោះ​ថ្មីៗ ដោយ​ការ​ទន្ទេញ​។ ប៉ុន្តែ នៅពេល​ដែល​អ្នក​ត្រូវបាន​ណែ នាំខ្លួន​ទៅ​កាន់ នរណាម្នាក់ នៅក្នុង​បន្ទប់​ការិយាល័យ​ថ្មី​នេះ នោះ​អ្នក​គប្បី​ព្យាយាម​ចងចាំ នូវ​ឈ្មោះ​របស់​ពួកគេ​ផង​ដែរ​។ អ្នក​អាច​សាកល្បង ហៅ​ឈ្មោះ​គេ នៅក្នុង​អំឡុងពេល​នៃ​ម៉ោង​សម្រាក​អាហារ​ថ្ងៃត្រង់ និង សុំទោស​ពួកគេ ប្រសិនបើ​អ្នក​បាន​ភ្លេចឈ្មោះ​របស់​ពួកគេ ។ បន្ទាប់មក នៅពេលដែល​ពួកគេ បាន ប្រាប់​ឈ្មោះ​ជាថ្មី​ម្តងទៀត​មកកាន់​អ្នក នោះ​អ្នក​ត្រូវ​ព្យាយាម​ថា​តាម​ឡើងវិញ អោយបាន​ច្រើន​ដង​។ នៅ ពេល​ដែល​អ្នក ពិតជា​បាន​ព្យាយាម ចងចាំ​នូវ​ឈ្មោះ​របស់​មិត្ត​រួម​ការងារ​ថ្មី​អ្នក នោះ​ពួកគេ​នឹង ពេញចិត្ត នូវ​កាយវិការ​ទាំងនេះ ហើយ​ពួកគេ​នឹង​រីករាយ ក្នុងការ​ចងមិត្ត​ជាមួយនឹង​អ្នក ។​


៦.​ត្រូវ​និយាយ​តែ​ពេល​ណា ដែល​ចាំបាច់​
នៅក្នុង​ថ្ងៃ​ដំបូង​បំផុត នៅក្នុង​បន្ទប់​ការិយាល័យ​ថ្មី​នេះ វា​ជា​ការប្រសើរ ក្នុងការ​បិទមាត់ និង រង់ចាំ​ស្តាប់ នូវ​អ្វីៗ ដែល​អ្នក​ដទៃ​ត្រូវ​និយាយ​។ អ្នក​មិន​ត្រូវ​ចាប់ផ្តើម​ការសន្ទនា ដែល​ឥតប្រយោជន៍ និង រំខាន​ដល់ មនុស្ស​ដែល​នៅ​ជុំវិញ​ខ្លួន​នោះទេ​។ អ្នក​ក៏ត្រូវ​ប្រាកដ​ផងដែរ ថា​ខ្លួន​អ្នក​មិន​បាន​បង្ហាញ​នូវ ព័ត៌មាន​របស់ ខ្លួនឯង​ច្រើនពេក នៅក្នុង​ថ្ងៃ​ដំបូង​នេះ​ដែរ តាម​ដែល​វា​អាច​នឹង​បង្កបញ្ហា​ដល់​អ្នក ប្រសិនបើ​វា ត្រូវ​បានលឺ ទៅ ដល់​មនុស្ស​ដែល​មិនគួរ​ដឹង ។​


៧. ជៀសវាង​នូវ​ការ​អួត​ស​សើរ​ពី​ខ្លួនឯង​


នៅពេល​ដែល​អ្នក ត្រូវ​បាន​ស្នើរ​សុំអោយ​មាន​បញ្ចេញយោបល់ នោះ​អ្នក​ត្រូវ​ផ្តល់​ព័ត៌មាន​អោយ បាន​ច្រើន​ទៅតាម​តម្រូវការ ដែល​ចាំបាច់​។ ជៀសវាង​នូវ​ការ​អួត​ស​សើរ​ពី​ខ្លួនឯង និង សមិទ្ធិផល​ដែល អ្នក​សម្រេច​បាន​។ អ្នក​អាច​នឹង​ធ្លាប់បាន មេដាយមាស នៅ​សាលារៀន ប៉ុន្តែ​វា​នឹងមិន​មាន​ទំនាក់ទំនង​អ្វី នៅក្នុង​ការិយាល័យ​ការងារ ថ្មី​របស់​អ្នក​នេះ​ទេ​។ គ្មាន​នរណា​ម្នាក់​ចាប់អារម្មណ៍ ចង់ដឹងថា​អ្នក​ជា​នរណា អោយ​ប្រាកដ​នោះ​ទេ ជាពិសេស​សម្រាប់​ថ្ងៃ​ដំបូង​​នេះ ។ នៅពេលដែល​ពួកគេ បាន​ស្គាល់​អ្នក កាន់តែច្បាស់ នោះ​គេ​នឹង​ចាប់អារម្មណ៍​នឹង​សុខទុក្ខ​របស់​អ្នក ដូច្នេះ អ្នក​គប្បី​ត្រូវ​រង់ចាំ​ដល់​ថ្ងៃ​នោះ​។​


៨. ធ្វើ​នូវ​កិច្ចការ​អ្វី ដែល​អ្នក​ត្រូវបានចាត់តាំង​


ភាគច្រើន នៅក្នុង​ថ្ងៃ​ដំបូង​នៃ​ការងារ​ថ្មី​របស់​អ្នក នោះ​អ្នក​នឹង​មិន​ត្រូវ​រំពឹងថា ធ្វើ​ការងារ​ច្រើន​ពេក នោះទេ ។ មិន​ថា​មានរឿង​អ្វី​កើតឡើង​ទេ អ្នក​ត្រូវ​បញ្ចប់​កិច្ចការ ដែល​អ្នក​ត្រូវបានចាត់តាំង អោយទទួល បន្ទុក​មុនពេល ដែល​អ្នក​អាច​ឈប់សម្រាក​បាន​។ ប្រសិនបើ​អ្នក​មិន​បញ្ចប់​វា ឬ ពន្យា​ពេល​ធ្វើ​ការងារ ទាំងនោះ នោះ​វា​នឹង​បង្កើត​នូវ​អារម្មណ៍មិនល្អ និង ប៉ះពាល់​ដល់​ការយល់ឃើញ​របស់​អ្នក ដទៃ ចំពោះខ្លួន​អ្នក ៕

No comments:

Post a Comment