មនុស្សភាគច្រើនចូលចិត្តនិយាយ តែមិនចូលចិត្តធ្វើ ចូលចិត្តសរសើរ
ស្អប់ការបង្អាប់។
បុគ្គលខ្លះរហូតដល់ត្រូវគេប្រសិទ្ធនាមថា ទ្រឹស្តីវិទូទៅហើយ។ ស្របនឹងគ្នានេះ មនុស្សម្នាក់ៗសុទ្ធតែពោលប្រាប់គ្នាថា
ពេលធ្វើអ្វីក៏ដោយ ឯងត្រូវគិតវិជ្ជមាន
ទើបទទួលបានភាពជោគជ័យ។
ពាក្យនេះយើងឮឡើងជ្រេញត្រចៀក ហើយពេលខ្លះមិនចង់ស្តាប់
ព្រោះដឹងច្បាស់ថាបុគ្គលម្នាក់ហឹ្នង ប្រាកដជានិយាយពាក្យដដែលហើយ។
ការគិតបានវិជ្ជមានផ្តោតជាសំខាន់ទៅលើការអប់រំចិត្តឲ្យបានប្រសើរ
ចេះសមាធិ ចេះសង្កត់ចិត្តមិនតបត និងអាចប្រដៅខ្លួនឯងបានល្អ។
សំណួរមួយសម្រាប់ធ្វើតេស្តការគិតវិជ្ជមានរបស់អ្នក
គឺពេលអ្នកជួបបុគ្គលមិនធ្លាប់ស្គាល់នៅគ្រាដំបូង ហើយបុរសម្នាក់នោះមានសក់វែង
មុខមាំ ពាក់វ៉ែនតាខ្មៅ
ស្លៀកខោខូវប៊យ តើអ្នកគិតថាគេជាមនុស្សដូចម្តេច?
អ្នកប្រាកដជាគិតថាប្រហែលជាជើងកាងហើយមើលទៅ
ឬជាជនខិលខូចពុំគួរនឹងរាប់រក។ ពិសេសជាងនេះទៀត
បុគ្គលខ្លះគ្រាន់តែជួប មិនទាន់ទាំងដឹងថា គេមានពាក្យសម្តី ចរិតយ៉ាងណាផង ចង់វាយធ្វើបាប ឬប្រព្រឹត្តិទង្វើផ្សេងៗធ្វើឲ្យគេពុំបានសេចក្តីសុខ។
ចរិតដ៏អាក្រក់របស់មនុស្ស គឺឲ្យតែជួបបុគ្គលប្លែក រមែងសម្លឹងរកចំណុចអាក្រក់របស់គេ, ម្នាក់នេះស្លៀកពាក់ដូចជើងកាង, ម្នាក់នេះពាក់វ៉ែនតាធ្វើខ្លួនដូចអ្នកចេះដឹងខ្លាំងណាស់អញ្ចឹង, គាត់នេះនិយាយអួតណាស់ មិនប្រមាណខ្លួនសោះ,
គាត់នេះមើលមុខទំនងអ្នកក្រហ្មង...។ មិនដែលគិតថាគេជាមនុស្សល្អឡើយ។
ដើម្បីគិតវិជ្ជមាន អ្នកត្រូវតែបង្ខំខ្លួនឯងឲ្យគិតថា គេជាមនុស្សល្អ, ជាមនុស្សគួររាប់អាន, ញញឹមរាក់ទាក់
មិនមែនញញឹមយកមុខ,
ស្លៀកពាក់សមរម្យ, ពាក់វ៉ែនតាប្រហែលមានបញ្ហាភ្នែកហើយ គួរឲ្យអាណិតណាស់, ស្លៀកពាក់យ៉ាងនេះ
ព្រោះមិនទាន់ដឹងថាស្រុក ឬតំបន់យើងស្លៀកយ៉ាងណា... ទាំងអស់ជាចំណុចដែលធ្វើឲ្យចិត្តរបស់អ្នកគិតវិជ្ជមាន។
របត់មួយដើម្បីទទួលបានជោគជ័យ គឺអ្នកត្រូវតែដាក់ពិន័យដល់ខ្លួនឯងជាប់ជានិច្ចថា
ត្រូវតែគិតល្អទៅលើគេ ទោះជាចរិតរបស់យើងមានទំនោរស្អប់ក្តី។
ដូច្នេះយើងត្រូវអប់រំចិត្ត និងហាត់និយាយល្អ គិតល្អអំពីមនុស្សនៅជុំវិញខ្លួនជាញយៗដង
អ្នកប្រាកដជាមានគំនិតវិជ្ជមាន ពេលណាមួយជាមិនខាន។ ករណីមួយ ពេលមានបុគ្គលណាម្នាក់ជេរ
និងប្រើពាក្យសម្តីអសុរស តើអ្នកមានអារម្មណ៍និងគិតយ៉ាងណា? ចំពោះបុគ្គលដែលមានគំនិតអវិជ្ជមាន នឹងគិតថា
ជាអាក្រក់ណាស់, មានចរិតមិនល្អ ហើយប្រសិនបើជាមិត្តភក្តិវិញ នឹងឈប់ទាក់ទង ឈប់ប្រាស្រ័យជាមួយ
ឬបិទទូរសព្ទភ្លាមមិននិយាយតប។ ផ្ទុយពីនេះ អ្នកមានគំនិតវិជ្ជមានគិតថា មកពីគ្នាពុំបានគិតជ្រៅទើបនិយាយយ៉ាងនេះ, មកពីគ្នាខឹងពីណាពីណីមកមិនទាន់បានសម្រាល
ទុកថាជួយសម្រាលគ្នាចុះ, គួរឲ្យអាណិតគ្នាណាស់ព្រោះគ្នាអវិជ្ជា។ ពេលខ្លះទៀត គេបានគិតបង្វិលចិត្តខ្លួនឯង
ឲ្យគិតថា ពាក្យអសុរសនោះ ទៅជាពាក្យជូនពរ ពាក្យសរសើរទៅវិញ។
ជាការពិតវាជាពាក្យអាក្រក់
ប៉ុន្តែ គេទៅជាបំភ្លៃឲ្យក្លាយទៅជាពាក្យល្អវិញ,
អូ!គេសរសើរអញទេតើ។
នៅពេលអ្នកធ្វើចិត្តបានដូចដែលបានរៀបរាប់ខាងលើ គឺអ្នកពិតជាបុគ្គលដែលមានគំនិតវិជ្ជមាន
ហើយប្រសិនបើអ្នកមានគំនិតវិជ្ជមាន
មនុស្សទាំងអស់នឹងចូលចិត្តអ្នក
ព្រោះអារម្មណ៍វិជ្ជមានរបស់អ្នកនឹងហើរទៅប៉ះអ្នកនៅជុំវិញ ដែលបង្កឲ្យពួកគេមានក្តីអំណរសាទរតបមកវិញ
លេចចេញជាការរាប់អាន ប្រាស្រ័យស្នាលស្និទ្ធស្នេហាតទៅ។
អ្នកសរសេរសៀវភៅអប់រំចិត្ត
ក្រោយពីបានអានឯកសារជាច្រើន
និងចូលរួមវគ្គបណ្តុះបណ្តាលជោគជ័យ និងការផ្លាស់ប្តូរជីវិត
ច្រើនលើកច្រើនសាមកសំបូរបានផលិតស្នាដៃមួយ
ស្ថិតក្រោមចំណងជើងថា “គិតវិជ្ជមាន”។
បន្ទាប់ពីសរសេររួចរាល់ សំបូរបានណាត់ជួបនឹងសួន ដែលជាមិត្តភក្តិឲ្យជួយពិនិត្យ។ ពេលទៅដល់ សួនបានសួរថា
សំឡាញ់សរសេរសៀវភៅអីហ្នឹង? នែសំឡាញ់! គ្នាសរសេរសៀវភៅ
គិតវិជ្ជមានណា ដើម្បីអប់រំមនុស្សឲ្យមានគំនិតវិជ្ជមានក្នុងការបំពេញការងារ និងសម្រាប់ប្រើប្រាស់ក្នុងដំណើរជីវិត។ ធ្វើមេចខ្លះទៅទើបគិតវិជ្ជមាន?
គឺពេលគេនិយាយពាក្យមិនពីរោះពិសា យើងត្រូវអត់ធ្មត់ ដោយគិតអំពីចំណុចល្អរបស់គេ ហើយតទៅវិញប្រកបដោយការគិត
ដោយរលឹកក្នុងអារម្មណ៍យើងថា គេជាបុគ្គលល្អ ហើយមិនត្រូវប្រកាន់ខឹងឡើយ....។
សួនក៏តប “សំបូរ! សៀវភៅរបស់ឯង
មិន ដឹងស្អីជាស្អីទេ! ខុសក៏ខុស
របៀបរៀបចំក៏អន់ ពាក្យពេចន៍ក៏មិនសមនឹងសរសេរ ទើបនឹងរៀនបានចេះបន្តិច សរសេរសៀវភៅឯណា
ដូចជាអួតពេកហើយអី?
គ្មានប្រយោជន៍ទេ ឯងក្មេងខ្ចីណាស់។ រួចសួនបានបោះសៀវភៅនោះទៅដី ហើយយកជើងជាន់ពីលើ។ សំបូរក៏តប “យីអានេះ បើមិនជួបចូកចែវកុំយកជើងរាទឹក អាចោលម្សៀត
ឯងមិនសមជាមិត្តអញទេ
អញនឹងឈប់រាប់អានឯងទៀតចាប់ពីពេលនេះតទៅ
ទុកថាអ្វីដែលយើងធ្លាប់ស្គាល់គ្នា
បញ្ចប់ត្រឹមហ្នឹងចុះ!
សរសេរសុទ្ធតែសៀវភៅគិតវិជ្ជមាន តែខ្លួនឯងគិតអវិជ្ជមាន
ពិតជាគីង្កក់លក់ថ្នាំស្រែងមែន។
No comments:
Post a Comment